(ព្រះវិហារ)៖ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដែលត្រូវនឹងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានដឹកនាំក្រុមការងារនាំយកអំណោយរួមមាន សម្ភារ និងថវិកាមួយចំនួនប្រគល់ជូនអង្គភាពពន្ធនាគារខេត្ត សម្រាប់ធ្វើការផ្គត់ផ្គង់អ្នកទោស ដែលកំពុងជាប់ឃុំឃាំង។
នៅក្នុងឱកាសនោះលោក វុធ សាវី ក៏បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីលោកប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក៏ដូចជា ថ្នាក់ដឹកនាំជាច្រើនរូបទៀត នៃសាលាដំបូងខេត្តព្រះវិហារ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៅក្នុងអង្គភាពពន្ធនាគារខេត្ត ពិសេសនៅក្នុងឱកាសចូលឆ្នាំថ្មីនេះ ក្នុងនាមសាលាដំបូងខេត្តព្រះវិហារ លោកក៏បានជូនពរជ័យដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តទាំងអស់សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
លោក វុធ សាវី បានកោតសរសើរអង្គភាពពន្ធនាគារខេត្ត ដែលគ្រប់គ្រងអ្នកទោសបានយ៉ាងល្អ ពិសេសស្របពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតឆ្លងចូលសហគមន៍ ចាប់តាំងពីថ្ងៃទី២០ កុម្ភៈមក អង្គភាពពន្ធនាគារខេត្ត បានយកចិត្តទុក្ខដាក់ខ្ពស់ ដាក់ចេញនូវការគ្រប់គ្រងផ្សេងក្នុងគោលបំណងមិនឱ្យមានការឆ្លងរីករាល ដាលនៃជំងឺកូវីដ១៩ដល់អ្នកទោស។
លោកក៏បានផ្តាំផ្ញើរបន្ថែមដល់ប្រធានអង្គភាពពន្ធនាគារខេត្ត ត្រូវបន្តអនុវត្តន៍តាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការណែនាំរបស់រាជរដ្ឋាភិបាល (៣កុំនិង៣ការ) ឱ្យបានជាប់ជាប្រចាំផងដែរ។
អំណោយដែលអង្គភាពពន្ធនាគារ ទទួលបានរួមមាន៖ម៉ាស់ ទឹកស៊ីអ៊ីវ ស្ករ អំបិល និងថវិកាចំនួន១,៦០០,០០០រៀល៕