(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីសម្រេចស្តីពី ការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងៗទៀត នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល។
បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មន្ត្រីនគរបាលយុត្តិធម៌មានសមត្ថកិច្ច ត្រូវចេញបង្កាន់ដៃពិន័យអន្តរការណ៍ជូនបុគ្គល ដែលមិនគោរពវិធានរដ្ឋបាល ដើម្បីបង្គាប់ឱ្យបុគ្គលនោះបង់ប្រាក់ពិន័យអន្តរការណ៍ទៅតាមកំហុសដែលខ្លួនបានប្រព្រឹត្តក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលបង្កាន់ដៃពិន័យអន្តរការណ៍។
បន្ថែមពីនេះ ក្នុងករណីទទួលប្រាក់ពិន័យអន្តរការណ៍ដោយផ្ទាល់ជាសាច់ប្រាក់ ឬជាមូលប្បទានបត្រ ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ដែលបោះពុម្ភ និងបើកផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការចេញបង្កាន់ដៃពិន័យអន្តរការណ៍ត្រូវធ្វើឡើងចំនួន ៣ច្បាប់ ដោយមួយច្បាប់សម្រាប់ប្រគល់ជូនបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល និង ២ច្បាប់ទៀតសម្រាប់រក្សាទុកជាឯកសារ៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាល៖