(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌក្រសួងបរិស្ថាន បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះថា មន្ត្រីនៃក្រសួងបរិស្ថានសរុបចំនួន ៨៩៣រូប បានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ-១៩ ដូសទី២ ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ សម្រាប់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមេសា ក្នុងក្របខណ្ឌនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស។
លោកបានថ្លែងថា នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់មន្រ្តីរាជការនៃក្រសួងបរិស្ថាន រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងបរិស្ថានដោយសហការជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ បង្ការជំងឺកូវីដ-១៩ ជូនដល់មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីដែលស្ម័គ្រចិត្ត នៃក្រសួងបរិស្ថានសរុប ៨៩៣នាក់។
លោក នេត្រ ភក្ត្រា បានលើកឡើងបន្តថា ការចាក់វ៉ាក់សាំងនេះ គឺជាការចាក់វ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្រ្តីរាជការគ្រប់រូប ដែលរាជរដ្ឋាភិបាលបានកំណត់ ហើយក៏ជាការចូលរួមនៅក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរួតរិតមកលើពិភពលោក ក្នុងនោះរួមមានកម្ពុជាផងដែរ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថានបានបង្ហាញនូវសេចក្តីសប្បាយរីករាយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ មន្ត្រីរាជការនៃក្រសួងបរិស្ថានទាំងអស់គ្នាពិតជាចងចាំនូវគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ គិតគូរជាប់ជានិច្ចដល់សុខទុក្ខរបស់មន្ត្រី និងប្រជាពលរដ្ឋ»។
លោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នា និងចូលរួមក្នុងការការពារ ក៏ដូចជាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការប្រកាន់ភ្ជាប់នូវ វិធានការ «៣កុំ និង៣ការពារ» ហើយនឹងគោរព និងចូលរួមអនុវត្តបទបញ្ជានានា របស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនេះ»។
មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានលើកឡើងផងដែរថា អ្វីដែលជាការកត់សម្គាលរបស់មន្រ្តីរាជការនៃក្រសួងបរិស្ថាន មានការយកចិត្តទុកដាក់ខ្ពស់ និងចូលរួមក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តហើយសប្បាយរីករាយដែលទទួលបាននូវការការចាក់វ៉ាក់សាំងការពារខ្លួនបង្ការជំងឺកូវីដ-១៩នេះ។
ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខណ្ឌក្រសួងបរិស្ថាន បានបញ្ចាក់បន្ថែមថា «វ៉ាក់សាំងមួយម្ជុលៗ ដែលយើងខ្ញុំជាមន្ត្រីរាជការបានចាក់ហើយ រហូតមកដល់ពេលេនះគឺរបងរឹងមាំសម្រាប់ការពារខ្លួន និងផ្តល់នូវទំនុកចិត្តកាន់តែខ្ពស់ថែមទៀត សម្រាប់បុគ្គលម្នាកៗដែល បានចាក់វ៉ាក់សាំងនេះ ហើយនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាចូលរួមអនុវត្តវិធានការសុខាភិបាល ដើម្បីជួយឱ្យប្រទេសកម្ពុជារបស់យើងវិលទៅរកភាពប្រក្រតីឡើងវិញ»។
លោកបានន្ថែមថា បើទោះជាបានចាក់វ៉ាក់សាំងយ៉ាងណាក្តី ក៏មន្រ្តីរាជការទាំងអស់ មិនភ្លេចខ្លួននៅក្នុងការការពារខ្លួនពីការការរីករាលដាលនៅក្នុងសហគមន៍ តាមរយៈការអនុវត្តវិធានការទាំងឡាយទាំងវិធានការសុខាភិបាល និងវិធានការមិនមែនសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌក្រសួងបរិស្ថាន បានស្នើឱ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរទាំងអស់នាចូលរួមទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងខឿនការពារសុខភាពប្រជាជន សម្រាប់ការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ការលុបបំបាត់ ការបិទបញ្ចប់ការរីករាលដាលនៃជំងឺកូវី-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» គឺត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ៗគ្នា។ រាជរដ្ឋាភិបាលបានដាក់ចុះនូវបទបញ្ជា និងផែនការសកម្មភាពផ្សេងៗជាពិសេសសូមឱ្យប្រជាពលរដ្ឋចូលរួម អនុវត្តទាំងអស់គ្នាឱ្យបានហ្មត់ចត់ដើម្បីកាត់បន្ថយនូវហានិភ័យផ្សេងៗ ចំពោះសុខុមាលភាពប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចនៅក្នុងការ បិទខ្ទប់រាជធានីភ្នំពញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែការបិទខ្ទប់នេះ ក៏បានអនុញ្ញាតនូវមានសកម្មភាពមួយចំនួន ក្នុងនោះរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យអ្នកដែលបានចាក់វ៉ាក់សាំងមកទទួលការចាក់វ៉ាក់សាំងធម្មតាតាមការកំណត់របស់ក្រុមគ្រូពេទ្យ។
អ្នកនាំពាក្យរូបនេះក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសកម្លាំងសមត្ថកិច្ចតាមតំបន់នានាបានសម្រួលដល់មន្ត្រីរាជការនៃក្រសួងបរិស្ថាន បានធ្វើដំណើរមកចាក់វ៉ាក់សាំងតាមការកំណត់ ដោយពួកគាត់បានបង្ហាញបណ្ណចាក់វ៉ាក់សាំងទៅឱ្យសមត្ថកិច្ចហើយសមត្ថកិច្ច។
ទន្ទឹមនឹងនេះដែរ ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់អនុវត្តតាមបទបញ្ជា និងការណែនាំផ្សេងៗរបស់ រាជរដ្ឋាភិបាល និងគោរពឱ្យបាននូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ និងសូមស្នាក់នៅផ្ទះកុំចាកចេញក្រៅក្នុងករណីមិនចាំបាច់៕