(ភ្នំពេញ)៖ ទិដ្ឋភាពនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះដែលភ្នាក់ងារបណ្តាញព័ត៌មាន Fresh News ថតរូបភាពនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គ្រាដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញវិធានការ បិទខ្ទប់ (LockDown) រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏ហាងលក់ដូរទំនិញ និងម្ហូបអាហារនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានអនុញ្ញាឲ្យបើកដំណើរការ ហើយប្រជាពលរដ្ឋនៅតែអាចទៅលក់ដូរធម្មតា ប៉ុន្ដែអាជ្ញាធរលើកទឹកចិត្តឲ្យបញ្ជាទិញតាមអនឡាញ។
ថ្លែងប្រាប់បណ្ដាញព័ត៌មានផ្លូវការ Fresh News នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋថា គ្រប់ហាងលក់ទំនិញ និងម្ហូបអាហារ ទាំងអស់នៅទូទាំងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការដូចធម្មតា ប្រជាពលរដ្ឋអាចធ្វើដំណើរទៅទិញនៅទីតាំងដែលក្បែរៗផ្ទះរបស់ខ្លួន ឬកម្មង់ទិញតាមអនឡាញ។
ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ ក៏បានលើកទឹកចិត្តដល់ម្ចាស់ហាងលក់ម្ហូបអាហារទាំងអស់ បន្តការលក់ដូរជូនប្រជាពលរដ្ឋជាធម្មតា ហើយប្រជាពលរដ្ឋក៏អាចកម្មង់ទិញតាមអនឡាញផងដែរ៕