Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ជួយជួសជុលផ្ទះ និងដោះស្រាយ​បំណុល ជូនប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​នៅស្រុក​គង​ពិសី

05-03-2016 13:47

(កំពង់ស្ពឺ)៖ គ្រួសារក្រីក្រលោក ចក់ សៅ ស្ថិតនៅភូមិអន្សាខ្នាយ ឃុំមហាប្ញស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលត្រូវធនាគារភូមិ អនុវត្តនីតិវិធី ដោយចាក់សោផ្ទះដាក់ស្លាកលក់ ព្រោះមិនមានប្រាក់ បង់តាមកាលកំណត់នោះ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកម្ពុជា ជួសជុលផ្ទះរួចរាល់ជាស្ថាពរ ព្រមទាំងដោះស្រាយបំណុល​ដែលជំពាក់ធនាគារ​រួចរាល់​ហើយ។  

ជាក់ស្តែង នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦នេះ លោក អ៊ុយ សំអាត រួមជាមួយនាយិកាសាខា ខេត្តកំពង់ស្ពឺ និងមន្ត្រីអនុសាខា ស្រុកគងពិសី បានចុះទៅប្រគល់ផ្ទះមួយខ្នង ដែលមានបណ្តោយ ៦ម៉ែត្រ និងទទឹង៥ម៉ែត្រ ជាប្រភេទផ្ទះជួសជុលទី១ ជូនដល់គ្រួសារ លោក ចក់ សៅ។

លោក អ៊ុយ សំអាត បានថ្លែងថា សកម្មភាពខាងលើនេះ គឺជាអនុវត្តអនុសាសន៍ របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែ​បានគិតគូរ ពីសុខទុក្ខរបស់ប្រជាជនទូទាំងប្រទេស ដែលប្រឈមនឹងភាពលំបាកក្រីក្រ។

លោកបន្ដថា «កាលពី២សប្តាហ៍មុននេះ ក្រុមការងាររបស់ខ្ញុំ បានចុះមកដោះស្រាយបំណុល ជូនគ្រួសារនេះ សងទៅធនាគារភូមិរួចរាល់ និងបានឧបត្ថម្ភថវិកា គ្រឿងបរិភោគ​មួយចំនួន ព្រមទាំងហៅ​ជាង មកជួសជុលផ្ទះ ដែលមានសភាពទ្រុឌទ្រោមខ្លាំង មកក្លាយជាផ្ទះឈើប្រកស័ង្កសី ដ៏ស្រស់ស្អាតមួយខ្នងនេះ»

ទន្ទឹមនឹងនេះ គ្រួសារ លោក ចក់ សៅ បានថ្លែងអំណរគុណ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយសងបំណុលដល់ធនាគារភូមិ និងជួយឧបត្ថម្ភជីវភាព ព្រមទាំងជួសជុលផ្ទះ ចំពោះគ្រួសាររបស់លោក ហើយលោក និងក្រុមគ្រួសារ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងសហការី ជួយតែសេចក្ដីសុខ ការងារជោគជ័យគ្រប់ប្រការ និងសុខភាពល្អផងដែរ៕