(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងថា វិធានការបិទខ្ទប់ (Lockdown) នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺជាវិធានការរដ្ឋបាលមួយដ៏តឹងរ៉ឹង ហើយអ្នកដែលបំពាននឹងវិធានការនេះ ត្រូវទទួលទោសតាមច្បាប់ជាធរមាន។
«បើទោះបីរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបាន Lockdown រយៈពេល ១៤ថ្ងៃ ហាងទំនិញ លក់ម្ហូបអាហារ ភេសជ្ជៈ និងរបស់របរចាំបាច់ប្រើប្រាសប្រចាំថ្ងៃមួយចំនួន នៅតែបន្តបម្រើជូនប្រជាពលរដ្ឋ។ សូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំថា ហាងទាំងអស់ត្រូវបានបិទ»។ នេះជាការបញ្ជាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News នៅថ្ងៃទី១៥ ខែមេសានេះ។
លោក គឹម សន្តិភាព បានពន្យល់ដែរថា ការបិទខ្ទប់ គឺជាវិធានការរដ្ឋបាលមួយតឹងរ៉ឹង ដែលតម្រូវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវនៅផ្ទះរៀងៗខ្លួន, ផ្អាកការធ្វើដំណើរ, ផ្អាករាល់ការជួបជុំ, ហើយក្រុមហ៊ុន ឬសហគ្រាសត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នក្នុងរយៈពេលបិទខ្ទប់ ១៤ថ្ងៃនេះ។ ការធ្វើដំណើរ អាចធ្វើទៅបានតែក្នុងករណីចាំបាច់ និងបន្ទាន់មួយចំនួនប៉ុណ្ណោះ ដូចជាការចេញទៅទិញម្ហូបអាហារ កីឡា ឬទៅពេទ្យជាដើម។
ការជួបជុំអាចធ្វើទៅបានតែក្នុងករណីចាំបាច់បំផុតដូចជា បុណ្យសព ឬសកម្មភាពបម្រើឲ្យសុខុមាលភាពសាធារណៈ និងប្រយោជន៍សង្គម។ រីឯការជួបជុំ ក្នុងចំណោមគ្រួសារ ដែលរស់នៅជាមួយគ្នាក្នុងបរិវេណផ្ទះរបស់ខ្លួន ក៏ត្រូវបានអនុញ្ញាតផងដែរ។
រាល់ក្រុមហ៊ុន ឬសហគ្រាស ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ អាចនៅដំណើរការបាន ដូចជាហាងទំនិញ ផ្សារលក់ម្ហូបអាហារ រោងចក្រ ឬសិប្បកម្មផលិតម្ហូបអាហារ មន្ទីរពេទ្យ ឬក្លីនិកឯកជន, ធនាគារជាដើម។
សហគ្រាស ឬក្រុមហ៊ុន ដែលមិនមែនជាតម្រូវការខានមិនបានរបស់ប្រជាពលរដ្ឋទូទៅត្រូវផ្អាកសកម្មភាពទាំងអស់។ ប៉ុន្តែ ស្ថាប័នសាធារណៈដែលផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅបន្តដំណើរការដដែល។
រាល់ស្ថាប័នសាធារណៈ និងឯកជន ដែលត្រូវបានអនុញ្ញាតឲ្យបន្តដំណើរការ ត្រូវកាត់បន្ថយចំនួនបុគ្គលិកមកបម្រើការឲ្យមកនៅតិចបំផុត ហើយត្រូវអនុវត្តនូវរាល់វិធានការសុខាភិបាល ដូចជាការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព និងការលាងសម្អាតដៃជាដើម។
អ្នកនាំពាក្យក្រសួងយុត្តិធម៌សង្កត់ធ្ងន់ៗថា៖ «បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព នៅក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់។ ការបំពានវិធានការបិទខ្ទប់នេះ ដោយការមិនគោរព ឬរារាំង នឹងត្រូវទទួលទោសដែលត្រូវបានកំណត់ដោយច្បាប់»។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ថែមទាំងបានបង្ហាញទោសទណ្ឌ ដែលមានចែងក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដូចខាងក្រោម៖
* មាត្រា១០៖ បទមិនគោរពវិធានការរដ្ឋបាល កំណត់ថា ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ៥.០០០.០០០(ប្រាំលាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០(ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
* មាត្រា១១៖ បទរារាំងដល់ការអនុវត្តវិធានការ កំណត់ថា អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០ (ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕