(កណ្តាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល និងជាអនុគណៈពង្រឹងស្រុកកៀនស្វាយ ខេត្តកណ្តាលនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦នេះបានអញ្ជើញចូលរួម នៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១០៥ នៃទិវានារីអន្ដរជាតិ៨មីនា នៅស្រុកកៀនស្វាយ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រមទាំងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរដែលជាស្រ្តី។ ទិវានារីអន្ដរជាតិ៨មីនាដែលប្រទេសកម្ពុជាធ្វើឡើងនៅពេលនេះក្រោមប្រធានបទ «វិនិយោគលើ សមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព»។
លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងថា ឆ្នាំនេះទិវាអន្ដរជាតិនារី៨មីនា បានប្រព្រឹត្ដទៅក្រោមប្រធានបទ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភវឌ្ឍ ប្រកបដោយចីរភាព» លោកសូមគាំទ្រទាំងស្រុង ចំពោះប្រធានបទនេះ ព្រោះថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ដ្រី និងដោយមានការចូលរួមពីអង្គការ មិនមែនរដ្ឋាភិបាលផងនោះ ដែលបាលនឹងកំពុងយកចិត្ដទុកដាក់ ជាខ្លាំងក្នុងការងារបញ្ជ្រាបយេនឌ័រ លើគ្រប់វិស័យទូទាំងកម្ពុជា។
លោកបន្ដថា «ប្រធានបទក្នុងឆ្នាំនេះ គឺចង់បង្ហាញឲ្យយើងទាំងអស់គ្នា ឲ្យបានដឹងពីសមភាពពិតប្រាកដរវាងបុរស និងស្ដ្រី នឹងទទួលស្គាល់ថា ស្ដ្រីជាភ្នាក់ងារដ៏សំខាន់ ដែលមានតួនាទី ធ្វើឲ្យសង្គមមានការផ្លាស់ប្ដូរ ប្រែប្រួលមុខមាត់។ ជាងនេះទៅទៀត ខ្ញុំសង្ឃឹមថាប្រធានបទនេះ នឹងក្រើនរំលឹកដល់មន្ដ្រីរាជការ គ្រប់លំដាប់ថ្នាក់ ក្នុងការយកចិត្ដទុកដាក់អនុវត្ដន៍ គោលនយោបាយសមភាពយេនឌ័រ ក្នុងអង្គភាពរបស់ខ្លួន ជាពិសេសនារីខ្លួនឯង ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមសហការ ក្នុងការអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែរីកចម្រើនយ៉ាងឆាប់រហ័សទៅ»។
លោកបន្ដថា ការងាររបស់ស្ដ្រីក្នុងការចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិនោះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ឱកាស និងលើកទឹកចិត្ដឲ្យស្ដី្រមានតួនាទី និងអ្នកគ្រប់គ្រង និងអ្នកដឹកនាំ ចាប់តាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ដឹកនាំកំពូល ជាក់ស្ដែងយើងមានសមាសភាពជានារី ក្នុងជួរថ្នាក់ដឹកនាំ ឃុំ-សង្កាត់ ស្រុក-ខណ្ឌ រាជធានី-ខេត្ដ ក្រសួង-ស្ថាប័ន ជាងនេះទៅទៀតក្នុងជួរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា៕