(កំពង់ធំ)៖ ក្រុមជំនួយការលោក ហ៊ុន ម៉ាណែត ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦នេះ បាននាំយកអំណោយអង្ករ៣តោន និងមី៥០កេស ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈលោក ហ៊ុន ម៉ាណែត ប្រគល់ជូនបញ្ជាការដ្ឋានប្រតិបត្តិការសឹករងខេត្តកំពង់ធំ សម្រាប់ចែកជូនគ្រួសារយោធិនក្រីក្រ អតីតយុទ្ធជន និងយោធិនពិការ ក្នុងខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ ជំនួសមុខជូនគ្រួសារយោធិន ដែលមានជីវភាពខ្វះខាត បងប្អូនអតីតយុទ្ធជន និងយោធិនពិការខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខគ្រួសារយោធិន អតីតយុទ្ធជន និងយោធិនពិការនៅទូទាំងប្រទេស ហើយជាក់ស្តែងនៅថ្ងៃនេះ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ បានទទួលអំណោយថែមទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកហ៊ុន ម៉ាណែត សម្រាប់ចែកជូនគ្រួសារយោធិនក្រីក្រ អតីតយុទ្ធជន និងយោធិនពិការ។
កន្លងទៅសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈលោក ហ៊ុន ម៉ាណែត ធ្លាប់បានផ្តល់ជាអំណោយគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារយោធិន រួមទាំងការឧបត្ថម្ភជាថវិកា និងសម្ភារសំណង់ផ្សេងៗជាច្រើនសម្រាប់ការកសាងអគារទីបញ្ជាការ សាលប្រជុំអគារប៉ុស្តិ៍ប្រចាំការ និងលំនៅដ្ឋានគ្រួសារកងទ័ព នៅទីបញ្ជាការកងវរសេនាតូចរៀបរយលេខ១ នៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ៕