(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងមួយ ក្រោយទទួលព័ត៌មានពីភាគីថៃ ករណីរកឃើញវិជ្ជមានកូវីដ១៩ លើបុគ្គលឈ្មោះ គិទិ ស្រ៉ីស៉ាំ (Kitti Srisang) និងអ្នកពាក់ព័ន្ធស្នាក់នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
បើតាមរដ្ឋបាលខេត្តឧត្ដរមានជ័យ បុគ្គលឈ្មោះ គិទិ ស្រ៉ីស៉ាំ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ (សុរិន្ទ) មុខជំនាញជាងជួសជុលគ្រឿងចក្រ បានធ្វើដំណើរពីប្រទេសថៃ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ តាមច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់មកស្នាក់នៅ តាមអាសយដ្ឋាន ដែលបានរៀបរាប់ខាងលើ (មុនប្រទេសថៃបិទការឆ្លងចេញ-ចូល)។
លុះដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១បុគ្គលរូបនេះ បានត្រឡប់ចូលប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ត្រូវបានអាជ្ញាធរថៃ យកធ្វើចត្តាឡីស័ក និងយកសំណាកធ្វើតេស្ត ក៏ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ពីមន្ទីរពិសោធន៍ប្រទេសថៃ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។
តាមការស្រាវជ្រាវគាត់មានអ្នកប៉ះពាល់ផ្ទាល់ចំនួន០៤នាក់គឺ ទី១៖ ឈ្មោះ គង់ ពៅ (ហៅប៉ាត់) ភេទប្រុស អាយុ៣៤ឆ្នាំ នៅផ្ទះជួល ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង មុខរបរ ជាងជួសជុលត្រាក់ទ័រ, ទី២៖ ឈ្មោះ អឹម កាន់ដា ភេទស្រី អាយុ២៥ឆ្នាំ (ប្រពន្ធលោក គង់ ពៅ), ទី៣៖ កុមារា ផានៈ គ្រិនសំប៊ូន អាយុ២ឆ្នាំ (កូន), និងទី៤៖ កុមារី ណាត់តាឆា គ្រិនសំប៊ូន អាយុ១ឆ្នាំ (កូន) ព្រមទាំងអ្នកប៉ះពាល់ប្រយោលមានហានិភ័យខ្ពស់ ចំនួន៤០នាក់ផ្សេងទៀត។ អ្នកទាំង៤៤នេះ បានយកសំណាកបញ្ជូនទៅវិភាគនៅរាជធានីភ្នំពេញ និងរង់ចាំលទ្ធផល។
រដ្ឋបាលខេត្តសូមអំពាវនាវយ៉ាងទទូចស្នើសុំឲ្យប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយបុគ្គល គិទិ ស្រ៉ីស៉ាំ និងអ្នកពាក់ព័ន្ធខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ ឬមានរោគសញ្ញាក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទំនាក់ទំនងក្រុមការងារប្រចាំការ និងយកសំណាក ដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗ តាមរយៈលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ឬក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត លេខទូរស័ព្ទ ០១២ ៤៩៩ ១៩២៕