(ភ្នំពេញ)៖ លោក ចេង ផាន់នី មេធាវីនៃក្រុមហ៊ុនមេធាវី ស៊ីឌីអេស (CDS LAW FIRM) និងជាមេធាវីតំណាងដោយអាណត្តិឱ្យលោកជា ពៅ ហៅហួ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញលិខិតបដិសេធរាល់ព័ត៌មាន ដែលបានចុះផ្សាយកន្លងមក និងសូមបំភ្លឺថា ការផ្សព្វផ្សាយសារព័ត៌មានតាមរយៈអនឡាញ និងកាសែតក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយថា «ក្រុមហ៊ុន សៀម៉ុន បានដឹកជញ្ជូនឈើពីខាងក្រៅចូលមកខាងក្នុងក្រុមហ៊ុនជាពិសេស និងបាននិយាយថា ឈ្មោះ ជា ពៅ ហៅហួ ជាអ្នកគ្រប់គ្រងក្រុមហ៊ុន។
បើតាមលិខិតបដិសេធរបស់តំណាងមេធាវី ផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា ចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានខាងលើជាការផ្សព្វផ្សាយដែលមានការភ័ន្តច្រឡំខុសពីការពិត ជាហេតុធ្វើឱ្យប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះ និងការរកស៊ីរបស់កូនក្តីរបស់លោកយ៉ាងធ្ងន់ធ្ងរ។
តាមលិខិតដដែល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមបញ្ជាក់ថា ការចុះផ្សាយរបស់ព័ត៌មានថា ឈ្មោះ ជា ពៅ ជាម្ចាស់ក្រុមហ៊ុននោះ គឺការធ្វើឡើងដែលផ្ទុយពីការពិត មិនមានភាពច្បាស់លាស់ ពីព្រោះកូនក្តីខ្ញុំបាទឈ្មោះ ជា ពៅ ហៅ ហួ មិនមែនជាអគ្គនាយកក្រុមហ៊ុន សៀម៉ុន (ខេមបូឌា) អេហ្គ្រីនខលល័រ ខេមប្រេអេនស៊ីវ.ឌីវេឡុបមិន ឯ.ក ឬជាអ្នកគ្រប់គ្រងក្រុមហ៊ុនខាងលើនោះឡើយ»។
«អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាប និងកុំមានការភ័ន្តច្រឡំជៀសវាងធ្វើឱ្យប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះ និងការរកស៊ីរបស់កូនក្តីខ្ញុំបានបន្តទៀត។ ក្នុងករណីនៅតែបន្តធ្វើការចុះផ្សាយនូវព័ត៌មានដែលមិនពិតខាងលើ កូនក្តីខ្ញុំបាទ និងប្រគល់សិទ្ធិឱ្យក្រុមហ៊ុនមេធាវីរបស់ខ្ញុំបាទចាត់វិធានការណ៍ការតាមផ្លូវច្បាប់»៕