(កណ្តាល)៖ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន និងសហការី នៅរសៀលថ្ងៃ១៤ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ បច្ច័យ វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្តក្រពើហារ ស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្ដទុកដាក់ ហើយគិតគូរខ្វល់ខ្វាយពីការខ្វះខាត ព្រោះក្នុងស្ថានភាពរីករាលដាលជំងឺកូវីដ១៩នេះ។ ដូច្នេះហើយទើប សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យក្រុមការងារយើងខ្ញុំ នាំយកទេយ្យវត្ថុ និងបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃ ទោះក្នុងកាលៈទេសៈណាក៏ដោយ គឺក្នុងមួយឆ្នាំចំនួនពីរដងជាទៀងទាត់»។
លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងទៀតថា សម្រាប់នាំយកទេយ្យវត្ថុ បច្ច័យ វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្តក្រពើហារ រួមមាន៖ នាំយកនូវបច្ច័យចំនួន ៤០លានរៀល (ថវិកាផ្ទាល់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន) ជាមួយទេយ្យវត្ថុរួមមាន៖ អង្ករ ៥តោន, មី៥០កេស, ត្រីខ ៥កេសធំ, ទឹកក្រូច ១០កេស, ទឹកសុទ្ធ ២០កេស, ទឹកផ្លែឈើ១០កេស, កាហ្វេហ្គោរូស ៣០កញ្ចប់ធំ, តែ៥គីឡូក្រាម, ស្ករស២០គីឡូក្រាម, មៀនកំប៉ុង ៣កេស ដើម្បីជាការជួយសម្រាលការលំបាកដល់ព្រះសង្ឃ ដែលគង់នៅក្នុងវត្តអារាមនេះ ដែលមានព្រះសង្ឃបំពេញវិជ្ជា នៅពុទ្ធកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហារនេះ។
ជាមួយគ្នានោះ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ បានមានព្រះពុទ្ធដិការ ថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ដយកចិត្ដទុកដាក់គ្រប់ពេលវេលា មិនថា នៅពេលវេលាណានោះទេ តែងតែរមែងខ្វាយខ្វល់ ពីសុខទុក្ខផលពិបាកនានា និងជួយដោះស្រាយសម្រាលការខ្វះខាត ដល់ពលរដ្ឋគ្រប់គ្នា ជាក់ស្ដែងព្រះសង្ឃនៅតាមវត្ដអារ៉ាម ក្នុងអំឡុងមានជំងឺកូវីដ១៩ ដ៏កាចសាហាវ ដែលកំពុងតែឆក់យកជីវិតមនុស្ស និងធ្វើឱ្យមានវិបត្ដិសេដ្ឋកិច្ចនៅលើសកលលោក។ លើសពីនោះ ការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយ វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន។
ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ក៏បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យកម្ពុជា ចៀសផុតពីជំងឺកូវីដ-១៩ នឹងនាំមកនូវភាព សុខដុមរមនាដល់ប្រទេសជាតិជារៀងរហូត។
ទន្ទឺមនឹងនោះ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ សូមឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន ផងដែរ៕