(ព្រៃវែង)៖ ថវិកាមូលនិធិរបស់សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាង១៣លានរៀលត្រូវបានលោក អ៊ុំ វណ្ណា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង និងក្រុមការងារពាំនាំយកទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំចុងអំពិល ដែលមានទុក្ខលំបាកដោយសារសាច់ញាតិទទួលមរណភាព និងស្ត្រីឆ្លងទន្លេនាព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថាក្រុមគ្រួសារប្រជាពលរដ្ឋរស់នៅក្នុងឃុំចុងអំពិលទាំងមូល ដែលមានទុក្ខដោយសារមានសាច់ញាតិទទួលមរណភាព និងជួបការលំបាកលើផ្នែកជីវភាពដោយឆ្លង ទន្លេនៅក្នុងមួយរយៈពេលថ្មីៗនេះមានចំនួនសរុប៦២គ្រួសារ (ទទួលមរណភាព១៥នាក់និងស្ត្រីឆ្លងទន្លេមានចំនួន៤៧នាក់)។ ក្នុងនោះយោងតាមគោលការណ៏មូនិធិរបស់សម្ដេចក្រឡាហោមស ខេង គឺគ្រួសារប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង ទាំងមូលដែលមានទុក្ខលំបាកដោយសារសាច់ញាតិទទួលមរណភាពនិងស្ត្រីឆ្លងទន្លេគឺត្រូវទទួល បានថវិកាចំនួន២០មុឺនរៀលដូចៗគ្នា។ ក្រៅពីនេះលោកអ៊ុំ វណ្ណាក៏បានផ្ដល់ថវិកាចំនួន១លាន២សែនរៀលទៀតសម្រាប់ចំណាយរដ្ឋបាលផ្សេងៗ។
ខណៈនាំយកថវិកាមូនិធិសម្ដេចក្រឡាហោមស ខេង ទៅប្រគល់ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន លោកអ៊ុំ វណ្ណា ក៏ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋទាំងអស់ ពីសំណាក់លោកនាយឧត្តមសេនីយ៍នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកញ្ច្រៀច សម្ដេចក្រឡាហោមស ខេងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តព្រៃវែង ជាពិសេសសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ដែលសម្ដេចទាំងពីរ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់រូបក៏ដូចមន្ត្រីអាជ្ញាធរសមត្ថកិច្ចទាំងអស់តែងតែយកចិត្ត ទុកដាក់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ៕