(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញមន្ដ្រីម្នាក់ ឆ្លងជំងឺកូវីដ១៩ និងដាក់ចេញវិធានការបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។
ក្រសួងសង្គមកិច្ច បានបញ្ជាក់ថា ដោយសារស្ថានភាព នៃការចម្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់មានភាពធូរស្រាល និងបច្ចុប្បន្នមានមន្ត្រីម្នាក់ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ ក្រសួងបានធ្វើការណែនាំដូចខាងក្រោម៖
* ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមានការពាក់ព័ន្ធផ្ទាល់នឹងមន្ត្រី០១រូប បម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សូមមេត្តារួសរាន់ទៅធ្វើតេស្តយកសំណាករកជំងឺកូវីដ-១៩ ដែលនៅជិតបំផុត និងសម្រាប់អ្នកពាក់ព័ន្ធប្រយោលសូមធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ តាមដានសុខភាពផ្ទាល់ខ្លួន
* បន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឲ្យបានម៉ឺងម៉ាត់
* អនុញ្ញាតឲ្យថ្នាក់ដឹកនាំ ប្រធានអង្គភាព និងមន្ត្រីរាជការ បំពេញការងារនៅតាមផ្ទះ (តាមរយៈប្រព័ន្ធអនឡាញ)
* ក្នុងករណីចាំបាច់ ថ្នាក់ដឹកនាំ ឬប្រធានអង្គភាព អាចមកបំពេញការងារបន្ទាន់របស់ខ្លួន ដោយពាក់នូវប័ណ្ណចេញ-ចូលបរិវេណក្រសួង (សូមមេត្តាទាក់ទងនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក សម្រាប់ទទូលប័ណ្ណចេញ-ចូល)
* ផ្អាករាល់សកម្មភាពជួបជុំ និងត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញគ្រប់ច្រកចេញ-ចូល របស់ក្រសួងមិនត្រូវបានអនុញ្ញាតឲ្យចេញ-ចូល លើកលែងតែមានប័ណ្ណចេញ-ចូល
* ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬទូរស័ព្ទទៅកាន់លេខ១១៥ជាបន្ទាន់៕