(កំពង់ចាម)៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយនគរបាល តាមបណ្តាស្រុក ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ បែន រ័ត្ន ពេញមួយព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦នេះ បានបន្តប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបមេចោរប្លន់លំដាប់ទី១ឈ្មោះ អាក្រៃថោង និងបក្ខពួកសរុប៥នាក់ ថែមទៀត នៅស្រុកស្ទឹងត្រង់ និងស្រុកព្រៃឈរ។
ប្រតិបត្តិការតាមបង្ក្រាបក្រុចោរប្លន់ខាងលើនេះ បានធ្វើឡើងភ្លាមៗ ក្រោយពីកម្លាំងនគរបាលបានចុះទៅចាប់ខ្លួន ជនសង្ស័យមេចោរប្លន់លំដាប់ទី២ម្នាក់ នៅស្រុកជើងព្រៃ នារសៀលថ្ងៃម្សិលមិញ ខណៈពួកគេមានគ្នា៣នាក់ ត្រៀមចេញប្លន់នៅផ្ទះលក់គ្រឿងសំណង់ក្បែរផ្សារស្គន់។ លោកឧត្តមសេនីយ៍ បែន រ័ត្ន បានប្រាប់ Fresh News ថា «ក្រោមការបញ្ជាផ្ទាល់យ៉ាងមានប្រសិទ្ធភាពពីសំណាក់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពីអភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃ យើងបានធ្វើការស្រាវជ្រាវ តាមជំនាញរហូតច្បាមបានក្រុមចោរប្លន់ទាំងនេះបានជាបន្តបន្ទាប់៥នាក់ថែមទៀត សរុប ៦នាក់ហើយមកដល់ពេលនេះ»។ លោកស្នងការបានបន្តទៀតថា នៅម្សិលមិញកម្លាំងនគរបាលរបស់យើងបានចាប់ជនសង្ស័យម្នាក់ ជាមេចោរប្លន់លំដាប់ទី២ នៅស្រុកជើងព្រៃ ហើយនៅព្រឹកថ្ងៃនេះ មុនដំបូងយើងបានចាប់មេធំរបស់ពួកវា គឺអាក្រៃថោង និងបក្ខពួកសរុប៤នាក់មានស្រី នៅស្រុកស្ទឹងត្រង់ រួចហើយតាមទៅចាប់បានម្នាក់នៅស្រុកព្រៃឈរ ដែលជាអ្នកពាក់ព័ន្ធលក់អាវុធឲ្យ។
បើតាមលោកស្នងការ នៅពេលនេះនគរបាលរបស់លោកកំពុងធ្វើការសួរនាំ និងសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ ខេត្តមួយចំនួន ដែលជនសង្ស័យទាំងនេះធ្លាប់ធ្វើសកម្មភាពប្លន់នាពេលកន្លងទៅរួមមាន ភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តកំពង់ចាមតែម្តង៕