(ភ្នំពេញ)៖ តាមរយៈបណ្ដាញព័ត៌មានផ្លូវការ Fresh News លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ម្ចាស់គ្លីនិកឯកជនទាំងអស់ ដែលមានរថយន្ដសង្គ្រោះបន្ទាន់ សូមចូលរួមសហការជាមួយក្រសួងសុខាភិបាល ដើម្បីដឹកអ្នកកើតជំងឺកូវីដ១៩ ពីមូលដ្ឋានទៅកាន់កន្លែងព្យាបាលនៅកោះពេជ្រ។
ការចេញមកអំពាវនាវរបស់លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានធ្វើឡើងបន្ទាប់ពីមានអ្នកកើតជំងឺកូវីដ១៩ជាច្រើននាក់ កំពុងនៅតាមមូលដ្ឋាននៅឡើយ ដោយមិនទាន់ត្រូវបានដឹកទៅកាន់កន្លែងព្យាបាលនោះទេ ព្រោះមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺពេញ មិនអាចដាក់បន្ថែមទៀតបានឡើយ។ ប៉ុន្ដែនៅពេលនេះ កន្លែងព្យាបាលអ្នកជំងឺកូវីដ នៅកោះពេជ្របានរៀបចំរួចរាល់ហើយ ហើយត្រូវការរថយន្ដសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងដើម្បីដឹកពួកគាត់ទៅព្យាបាល។
លោក ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវយ៉ាងដូច្នេះថា «ក្នុងនាមក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង សូមអំពាវនាវដល់ម្ចាស់មន្ទីរសម្រាកព្យាបាល ឬគ្លីនិកឯជនទាំងអស់ ដែលមានរថយន្ដសង្គ្រោះបន្ទាន់ សូមចូលរួមជាមួយក្រសួងសុខាភិបាល ដើម្បីជួយដឹកអ្នកជំងឺកូវីដ១៩ ពីមូលដ្ឋានទៅកាន់កន្លែងព្យាបាលនៅមជ្ឈមណ្ឌលពិពរណ៌ និងសន្និបាត កោះពេជ្រ»។
គួរជម្រាបថា មណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ មានសមត្ថភាពទទួលអ្នកជំងឺ បានជាង២ពាន់គ្រែ។ ការរៀបចំមណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ ធ្វើឡើងក្រោយប៉ុន្មានថ្ងៃចុងក្រោយនេះ នៅរាជធានីភ្នំពេញ បានរកឃើញអ្នកឆ្លងកូវីដ១៩ រាប់ពាន់នាក់ ដែលធ្វើឲ្យមន្ទីរពេទ្យ Great Duke និងមន្ទីរពេទ្យហ្លួងម៉ែ លើសសមត្ថភាពទទួលអ្នកជំងឺ។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ១៧៨នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៣៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤ ៨៧៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៤ ៣៣៧នាក់, អ្នកជាសះស្បើយចំនួន ២ ២៩០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២៥៤៤នាក់, អ្នកស្លាប់ចំនួន ៣៥នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕