(សៀមរាប)៖ លោក ចែម ចន្ថា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាស្រុកជីក្រែង ខេត្តសៀមរាប តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំសមាជិក សមាជិកា នាំយកគ្រឿងឧបភោគ បរិភោគ ជូនលោក តាំង លីហេង អធិការស្រុកជីក្រែង សម្រាប់សម្រួលដល់កងកម្លាំងត្រួតពិនិត្យ ដំណើរការគោចរ ព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ និងនាំអំណោយចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៤គ្រួសារ។

អំណោយសម្រាប់កងកម្លាំងរួមមាន៖ ទឹកផ្លែឈេី២កេស, មី២កេស, ត្រីខ២៤កំប៉ុង, ទឹកបរិសុទ្ធ២កេស និងថវិកា៨០មុឺនរៀល សម្រាប់សាងសង់បន្ទប់ទឹក។ ក្នុងនោះអំណោយសម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលល្វែងឫស្សីទទួលបាន៖ ស៊ីម៉ង់ត៍១តោន, មី១កេស, ទឹកផ្លែឈើ១កេស, ទឹកសុទ្ធ១កេស, ទឹកសុីអុីវ១យួរ, ទឹកត្រី១យួរ និងត្រីខ១យួរ។

ទន្ទឹមនឹងនេះដែរ សម្រាប់ជនចាស់ជរា គ្មានទីពឹងចំនួន ៤គ្រួសារ ស្ថិតនៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១កេស, ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ, អំបិលកន្លះគីឡូ, ស្ករស កន្លះគីឡូ, ខ្ទឹមកន្លះគីឡូ, ទឹកបរិសុទ្ធ១យួរ និងថវិកា ៣មុឺនរៀលផងដែរ៕