(ព្រះសីហនុ)៖ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ អាជីវករលក់ដូរនៅផ្សារលើក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រកឃើញកើតជំងឺកូវីដ១៩ជាបន្ដបន្ទាប់ សរុប៣នាក់។
ឆ្លើយតបទៅនឹងអ្វីដែលជាសភាពការណ៍ថ្មី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ តាមរយៈបណ្ដាញព័ត៌មាន Fresh News បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយអាជីវករផ្សារលើទាំងអស់ ត្រូវទៅយកសំណាកជាបន្ទាន់ ហើយតាមដានសុខភាពជាប្រចាំ ព្រមទាំងធ្វើចត្តាឡីស័ក បើសិនមានបញ្ហាអ្វីមួយនឹងសុខភាពរបស់ខ្លួន។
បន្ថែមពីនេះ លោក គួច ចំរើន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលមិនត្រូវការទំនិញអ្វីចាំបាច់ទេនោះ គួរផ្អាកទៅផ្សារលើជាបណ្ដោះអាសន្នសិន លើកលែងករណីចាំបាច់ពាក់ព័ន្ធការទិញម្ហូបប្រចាំថ្ងៃប៉ុណ្ណោះ។ ប៉ុន្ដែលោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ គួរទិញម្ហូបទឹកឲ្យបានច្រើន ដើម្បីជៀសវាងការមកផ្សារជារៀងរាល់ថ្ងៃ។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤ ៨៧៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៤ ៣៣៧នាក់, អ្នកជាសះស្បើយចំនួន ២ ២៩០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២៥៤៤នាក់, អ្នកស្លាប់ចំនួន ៣៥នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕