(កំពត)៖ ថ្លែងក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ ភូមិកុមារ SOS ក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី៥ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នា គោរពច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះថាគ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែសម្លាប់ជីវិតមនុស្សនោះទេ ថែមទាំងធ្វើចំនួនកុមារកំព្រានៅកម្ពុជា កើនឡើងពីមួយថ្ងៃទៅមួយផងដែរ។
សម្តេចតេជោបានថ្លែងថា «យើងត្រូវរកវិធីកាត់បន្ថយគ្រោះថ្នាក់ទាំងឡាយ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ គឺជាគ្រោះថ្នាក់មួយ ដែលធ្វើឲ្យ មួយថ្ងៃៗមានកុមារកំព្រាកើនឡើង ព្រោះនៅកម្ពុជាបច្ចុប្បន្ន ស្លាប់ជាមធ្យម៦នាក់ក្នុង១ថ្ងៃ ។ អីចឹងពួកគេស្លាប់ទៅ វានឹងក្លាយទៅមានកុមារកំព្រាហើយ បើសិនជាស្លាប់ទាំងឪពុកម្តាយ គឺកុមារកំព្រាៗ ទាំងឪពុកម្តាយ ប៉ុន្តែពេលខ្លះសម្លាប់ម្តាយ ពេលខ្លះសម្លាប់ឪពុក អីចឹងកុមារកំព្រារបស់យើងមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលទាមទារឲ្យយើងរកវិធានការ មិនមែនគ្រាន់តែចិញ្ចឹមកុមារកំព្រាទេ តែរកវិធានការទប់ស្កាត់ កុំឲ្យមនុស្សស្លាប់ដូចជាការកាត់បន្ថយ ឬឈានទៅលុបបំបាត់ នូវគ្រោះថ្នាក់ចរាចរណ៍»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងទៀងថា កុមារកំព្រា និងកុមារទីទល់ក្រនៅកម្ពុជាចេះតែមានជាបន្ទាប់ ដែលទាមទារ ឲ្យមានការជួញឧបត្ថម្ភពួកគេ ក្នុងនោះអង្គការ SOS បានរួមចំណែកជួយដល់កុមារកំព្រាជិត២០០០ពាន់ ដែលសង្ឃឹមថា ចំនួននេះនឹងកើតឡើងថែមទៀតនៅពេលខាងមុខ និងសង្ឃឹមថា SOS នឹងបន្តជួយដល់កម្ពុជាជាបន្តបន្ទាប់ទៅទៀត៕