(ព្រះវិហារ)៖ អំណោយរបស់លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ត្រូវបាននាំយកទៅប្រគល់ជូនដល់គណៈអភិបាល-ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងលោកមេភូមិគ្រប់ភូមិ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ពិធីប្រគល់អំណោយនេះ បានធ្វើឡើងក្រោមវត្តមានលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ, លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត, លោក សេង សារី តំណាងលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក សួស យ៉ារ៉ា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ និងមន្ត្រីរាជការជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះដែរលោក ប្រាក់ សុវណ្ណ និង លោក សេង សារី បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់លោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក សួស យ៉ារ៉ា ជូនចំពោះថ្នាក់ដឹកនាំគណៈអភិបាលក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់និងលោកមេភូមិគ្រប់ភូមិ ដោយក្តីនឹករលឹក និងការស្រឡាញ់រាប់អាន។
លោកបន្តថា ស្របពេលនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ និងដើម្បីបង្ហាញអោយឃើញពីមនោសញ្ចេតនា គោរពស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុតនោះ លោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក សួស យ៉ារ៉ា បាននាំមកនូវកាដូរឆ្នាំថ្មី ដែលមានឃីតចំនួន ១,៤០០កញ្ចប់ និងទឹកក្រូចចំនួន ១,៤០០កេស មកប្រគល់ជូនដល់ថ្នាក់ដឹកនាំ ក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងលោកមេភូមិគ្រប់ភូមិផងដែរ។
ក្នុងនាមក្រុមប្រឹក្សាគណៈអភិបាលខេត្តព្រះវិហារ និងក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានលើកហត្ថបួងសួង សូមទេវត្តាឆ្នាំថ្មីជួយប្រោះព្រំប្រសិទ្ធិពរជ័យ សិរីមង្គលវិបុលសុខ មហាប្រសើរ ជូនចំពោះលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោកសួស យ៉ារ៉ា សូមមានសុខភាពល្អ អាយុយុឺនយូរ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ដើម្បីចូលរួមដឹកនាំប្រទេសជាតិ និងខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យមានការអភិវឌ្ឍន៍រីកចម្រើនតទៅមុខទៀត។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានថ្លែងអំពាវនាវឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ ចុះផ្សព្វផ្សាយអប់រំឱ្យប្រជាពលរដ្ឋ ត្រូវចេះការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដែលវិធានការដ៏មានប្រសិទ្ធិភាពនោះ គឺអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល «៣កុំ និង៣ការពារ»។
អំណោយដែលប្រគល់ក្នុងឱកាសនោះ គឺអភិបាល អភិបាលរង ក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងលោកមេភូមិគ្រប់ភូមិ ទទួលបានទឹកក្រូច ១កេស និងឃីតសុវត្ថិភាពការពារជំងឺកូវីដ-១៩ ចំនួន ១កញ្ចប់ផងដែរ៕