(កំពត)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦នេះ បានថ្លែងរំលឹកពីជីវិតរបស់សម្តេច នៅកុមារភាពថា ថ្វីត្បិតតែសម្តេចមានឪពុកម្តាយ ប៉ុន្តែសម្តេចបានរស់នៅក្នុងឋានៈ មិនខុសគ្នាពីក្មេងកំព្រារនោះទេ ក៏ព្រោះថា នៅអាយុ១៣ឆ្នាំ សម្តេចត្រូវបង្ខំចិត្តចាកចេញ ពីឪពុកម្តាយទាំងវ័យក្មេង មករស់នៅជាមួយព្រះសង្ឃ ដើម្បីទទួលបាននូវការ រៀនសូត្រ។
ការថ្លែងរបស់សម្តេចតេជោ យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាធីបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ភូមិកុមារ SOS ស្ថិតក្នុងខេត្តកំពត។
សម្តេចតេជោបានបញ្ជាក់ថា ដោយសារស្ថានភាពរបស់ សម្តេចកាលនៅកុមារភាពបែបនេះ ទើបសម្តេចបានខិតខំកសាងសាលារៀន នៅគ្រប់ទីកន្លែង ហើយគោលដៅដែលបានសម្រេចរួចហើយ គឺឃុំមួយអនុវទ្យាល័យមួយយ៉ាងតិច ហើយស្រុកមួយក៏មានវិទ្យាល័យ លើសពីមួយ។ ការធ្វើបែបនេះ គឺដើម្បីឲ្យកុមារ និងយុវជនរបស់កម្ពុជា ទទួលបាននូវការសិក្សាដោយងាយស្រួល។
ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន បានសម្តែងនូវក្តីរីករាយ ដោយបានមកសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS ខេត្តកំពត។ នេះជាភូមិកុមារទី៦ ដែលជាជំនួយរបស់អង្គការ SOS-KDI បន្ទាប់ពីភ្នំពេញ, សៀមរាប,បាត់ដំបង, រតនៈគិរី និង ក្រចេះ។
សម្តេចបានបញ្ជាក់ថា អង្គការ SOS នេះ បានចំណាយថវិកាជាង ២៦លានដុល្លារអាមេរិក រួចទៅហើយទៅលើការសាងសង់ និងដំណើរការភូមិកុមារទាំង៦នេះ ដែលបានជួយចិញ្ចឹមកុមារ ១.៧៤៩នាក់ គ្រូ បុគ្គលិក អ្នកថែទាំក្មេងសរុប ៣៤៥នាក់។ កម្ពុជាជាសមាជិកអង្គការ SOS តាំងពីឆ្នាំ១៩៩៩ ដែលត្រូវបង់វិភាគទានប្រចាំឆ្នា៥,០០០ដុល្លារ និងចាប់ពីឆ្នាំ២០១៦ ទៅត្រូវបង់១០,០០០ដុល្លារមួយឆ្នាំ។
សម្តេចបានបញ្ជាក់ទៀតថា «ខ្លូនខ្ញុំផ្ទាល់ចូលជាសមាជិកអង្គការនេះនៅថ្ងៃ ១០ មករា ២០០២។ សូមអរគុណចំពោះលោក យាយលោកតា មីងមា បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ពិសេស ក្មួយជាយុវជន សិស្ស និស្សិតដែលផ្តល់នូវក្តីស្រឡាញ់រាប់អាន និងចូលរួមពិធីសម្ពោធសមិទ្ឋផលនាព្រឹកនេះ»៕