(ភ្នំពេញ)៖ លោក សេង ហៀង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បទបទ «រារាំងដល់ការអនុវត្តវិធានការ» ទៅលើបុគ្គលម្នាក់ ដែលត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញចាប់ខ្លួន ក្រោយបង្ហោះវីដេអូបំពុលសង្គមតាមបណ្ដាញសង្គម TikTok ប្រឌិតរឿងចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ហើយស្លាប់ជាបន្ដបន្ទាប់។
មន្ដ្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុគ្គលឈ្មោះ គង់ សម្បត្តិ ពីបទ «រារាំងដល់ការអនុវត្តវិធានការ» តាមមាត្រា១១ នៃច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ជននេះត្រូវបានបញ្ជូនបន្ដទៅចៅក្រមស៉ើបសួរ ដើម្បីដំណើរការតាមនីតិវិធីបន្ដទៀត។
គួរជម្រាបថា លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ និងជាជំនួយការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនអគតិរូបនេះ ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដោយកម្លាំងសមត្ថកិច្ចផែនសន្តិសុខ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្រោយបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រោមការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា បុគ្គលដែលត្រូវបានចាប់ខ្លួននេះឈ្មោះ គង់ សម្បតិ្ត ម្ចាស់គណនីTikTok ឈ្មោះ «ចង្ហាន់ហុយ» ក្រោយបានបង្ហោះសារដែលមានខ្លឹមសារ រារាំងដល់អនុវត្តវិធានការ ចាក់វ៉ាងសាំងកូវីដ១៩ ដោយបានឃាត់ខ្លួននៅអគារសំណង់តាមបណ្តោយផ្លូវ៦០ម៉ែត្រ។
គួរជម្រាបថា មកទល់ពេលនេះជនអគតិដែលប្រឌិតព័ត៌មានបំពុលតាមបណ្ដាញសង្គម ពាក់ព័ន្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងបញ្ជូនទៅតុលាការជាបន្ដបន្ទាប់។ ក្នុងនោះមាននៅខេត្តកំពង់ស្ពឺ, កំពង់ចាម និងរាជធានីភ្នំពេញ៕