(ភ្នំពេញ)៖ ចំនួនកីឡាករ-កីឡាការិនី ១,៣០០នាក់ ក្នុងនោះមានបរទេស១២០នាក់ មកពី២០ប្រទេសបានចុះឈ្មោះ ចូលរួមរត់ ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុងអន្តរជាតិ-ព្រះសីហនុ លើកទី៥ ឆ្នាំ២០១៦ ដើម្បីអបអរសាទរទិវាសិទ្ធិនារី អន្តរជាតិ (Women’s Right Day) ០៨ មីនាដែលធ្វើឡើងនៅតំបន់ឆ្នេរអូរឈើទាល នៅខេត្តព្រះសីហនុព្រឹកស្អែកនេះ ។
ទន្ទឹមនឹងនោះដែរលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា ចំនួនអ្នកចូលរួម គឺប្រហាក់ប្រហែលនឹងឆ្នាំមុនៗដែរ តែបើប្រៀបធៀបនឹងការរៀបចំ ព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុង ដទៃដែល NOCC ធ្លាប់រៀបចំ ដូចជា ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ ឬពាក់កណ្ដាលម៉ារ៉ាភ្នំពេញ-អន្ដរជាតិ ជាដើមចំនួនអ្នកចូលរួមរត់ ក្នុងទិវារត់ប្រណាំងពាក់ ម៉ារ៉ាតុងអន្ដរជាតិ គឺមានចំនួនទាបនៅឡើយ មានន័យថា ថ្វីត្បិតខេត្តព្រះសីហនុ មានតំបន់ឆ្នេរស្អាត ដែលជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញ ប៉ុន្ដែដោយសារខេត្តនេះ មិនទាន់មានព្រលានយន្ដហោះអាចចុះចតបាន ទើបភ្ញៀវទេសចរ ចូលរួមរត់ពាក់កណ្ដាល ម៉ារ៉ាតុងមានចំនួនតិចដូច្នេះ ។
ប៉ុន្ដែទោះជាយ៉ាងណា ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានាលោក វ៉ាត់ ចំរើន បានប្ដេជ្ញាចិត្តថា នឹងធ្វើគ្រប់បែបយ៉ាង ដើម្បីបន្ដនិរន្តរភាពរៀបចំព្រឹត្តិការណ៍នេះ ឲ្យទទួលបានជោគជ័យ និងសម្រេចគោលដៅស្វែងរកថវិកា សប្បុរសធម៌ ជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា កុមារកំព្រា និងជនពិការជាដើម ។ ម្យ៉ាងវិញទៀត ក៏ដើម្បីផ្សព្វផ្សាយពីតំបន់ឆ្នេរស្អាត របស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកផងដែរ ។
លើសពីនេះ អគ្គលេខាធិការ NOCC ដដែល ថែមទាំងអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ ឬម្ចាស់ភោជនីយដ្ឋានជាដើម ដែលមានអាជីវកម្ម ក្នុងខេត្តព្រះសីហនុ កុំយកទិវារត់ប្រណាំងពាក់ម៉ារ៉ាតុងអន្ដរជាតិ ដំឡើងថ្លៃគិតតែពីប្រយោជន៍ ផ្ទាល់ខ្លួន ត្រូវគិតពីប្រយោជន៍ជារួម ដើម្បីមុខមាត់ប្រទេសជាតិ និងបង្កើនចំនួនភ្ញៀវទេសចរ ឲ្យចូលរួមលេងក្នុង ប្រទេសកម្ពុជា ។ លោកជឿជាក់ថា បើមានកិច្ចសហការល្អពីស្ថាប័នពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋខេត្តព្រះសីហនុ ទិវារត់ប្រណាំងពាក់ម៉ារ៉ាតុង អន្ដរជាតិ នឹងជោគជ័យខ្លាំងនៅ៤ឆ្នាំ ឬ៥ឆ្នាំខាងមុខ ។
សូមបញ្ជាក់ដែរថា វិញ្ញាសារត់ចែកចេញជា៣ប្រភេទរួមមាន រត់២១គីឡូម៉ែត្រ, រត់១០គីឡូម៉ែត្រ និងបែបកម្សាន្ត ៣គីឡូម៉ែត្រ គឺចាប់ផ្តើមឡើងព្រមគ្នាតែម្តង នាវេលាម៉ោង ៦៖០០នាទីព្រឹកថ្ងៃអាទិត្យស្អែកនេះចេញដំណើរពីមុខឆ្នេរអូរឈើទាល និងបញ្ចប់ទៅវិញនៅទីនេះដូចគ្នា៕