(ភ្នំពេញ)៖ បុណ្យចូលឆ្នាំថ្មីដែលជាបវេណីរបស់ខ្មែរតាំងពីបុព្វកាល ជាពេលវេលាដ៏មានអត្ថន័យបំផុតនៃក្រុមគ្រួសារខ្មែរ ព្រោះវេលានេះជាពេលជួបជុំដ៏សែនសប្បាយរីករាយបំផុត របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បន្ទាប់ពីបានឃ្លាតចាកឆ្ងាយពីគ្នា ដើម្បីបម្រើនូវបុព្វហេតុរៀងៗខ្លួនមានដូចជា បុព្វហេតុជាតិ បុព្វហេតុនៃជីវភាពគ្រួសារ និងការស្រវ៉ាវិជ្ជាជាដើម...។
តែជាការសោកស្តាយឆ្នាំនេះ គឺជាឆ្នាំទី២ហើយ ដែលប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ បានរងការរំខាន និងយាយីដោយសារជំងឺកូវីដ១៩ ជាហេតុនាំឱ្យរាជរដ្ឋាភិបាលសម្រេចចិត្តដ៏លុបលំបាកបិទខ្ទប់មិនឱ្យមានការជួបជុំ ឬធ្វើដំណើរទៅស្រុកកំណើត ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដែលជាពេលវេលាដ៏រីករាយរបស់ពលរដ្ឋខ្មែរ។
រយៈពេលពីរឆ្នាំនេះ ជាតិខ្មែរយើងទាំងមូលមិនត្រឹមតែមិនអាចប្រារព្ធឱ្យបានរីករាយនូវពិធីបុណ្យជាប្រពៃណីរបស់ខ្លួននោះទេ។ តែរោគរាតត្បាតកូវីដ១៩ បានបន្ថែមបន្ទុក និងការលំបាកដ៏ខ្លាំងក្លាមួយទៀតសម្រាប់មនុស្សជាតិ គឺការប្រយុទ្ធដើម្បីជីវភាព និងសុខុមាលភាពរបស់ខ្លួន។
វិបត្តិកូវីដ១៩ ក៏បានធ្វើឱ្យអាជីវកម្មតូចធំជាច្រើន បានជួបការលំបាក និងក្ស័យធនក៏មាន។ អង្គភាពព័ត៌មាន Fresh News ទោះបីមានអាយុកាលជាង៥ឆ្នាំ (១៥-ឧសភា-២០១៤) តែបានទទួលការគាំទ្រខ្លាំងទាំងក្នុង និងក្រៅប្រទេស និងឈានមុខមួយនៅកម្ពុជា។ មកដល់ពេលបច្ចុប្បន្ននេះ Fresh News មានមិត្តអ្នកអានយ៉ាងច្រើនលាននាក់រួមមាន៖ ទាំងនៅលើ App, ទូរទស្សន៍ព័ត៌មាន ២៤ម៉ោង, វិទ្យុ, គេហទំព័រ, Facebook, YouTube, Telegram ហើយបានពង្រីការផ្សាយរបស់ខ្លួនជាភាសាអង់គ្លេស និងភាសាចិនថែមទៀត។
ក្នុងបរិបទកូវីដ១៩នេះ យើងបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធានាបាននូវដំណើរការរបស់ខ្លួន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់ដំណឹងបច្ចុប្បន្នភាពលើស្ថានភាពជំងឺកូវីដ១៩ និងស្ថានភាពនានានៃសង្គមជាតិ។ យើងបានក៏បានដាក់ចិត្តយ៉ាងស្វិតស្វាញក្នុងការប្រយុទ្ធប្រឆាំងដំណឹងក្លែងក្លាយទាំងឡាយ ដែលបង្កការយល់ច្រឡំចំពោះប្រជាពលរដ្ឋ និងបង្កើតជាវិធង្សនាក្នុងសង្គម។
រយៈពេលជាងមួយឆ្នាំនេះ យើងបានប្រឹងប្រែងទប់លំនឹងខ្លួនពីខ្យល់ព្យុះនៃវិបត្តិកូវីដ១៩ ដើម្បីបន្តដំណើរការរបស់ខ្លួន និងបន្តផ្តល់ជម្រកការងារជូនដល់បុគ្គលិកជាង ១០០នាក់។ Fresh News មិនអាចពង្រឹងខ្លួនបាននោះឡើយ ប្រសិនបើគ្មានការប្រឹងប្រែងមិនសន្សំសំចៃកម្លាំងរបស់សហការីទាំងអស់ ដែលបានរួមគ្នាជាកម្លាំងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយកការងារដាក់ជាប់ក្នុងក្រអៅបេះដូង ចាត់ទុកការងារជាចំណីអាហារ ហើយស្រេកឃ្លានការងារ គ្រប់ពេលវេលាមិនថាយប់ថ្ងៃ។ ដូចពាក្យមួយឃ្លាតែងតែលឺពេញបន្ទប់ការិយាល័យ Fresh News ថា «ពួកយើងទាំងអស់មិនខ្លាចនឿយហត់ ក្នុងការបញ្ជូនព័ត៌មាន ទៅកាន់ពិភពលោក»។
ក្នុងនាមជាអគ្គនាយក (CEO) និងជាស្ថាបនិក នៃអង្គភាពព័ត៌មាន Fresh News ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សហការីគ្រប់ផ្នែកទាំងអស់។ ឆ្នាំថ្មីនេះ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់លើជោគវាសនានៃជម្រករបស់ពួកយើង ខ្ញុំនឹងប្រឹងប្រែងឱ្យអស់សមត្ថភាព ដើម្បីពង្រីកកេត្យានុភាព និងនាំមកនូវភាពរីកចម្រើនបន្ថែមសម្រាប់អង្គភាពមួយនេះ។ ខ្ញុំក៏នឹងប្រឹងប្រែងធ្វើឱ្យអង្គភាពមួយនេះក្លាយទៅជាទីពោរពេញដោយភាពក្តៅ និងជាម្លប់ដ៏ត្រជាក់ត្រជុំ ស្របតាមបំណងប្រាថ្នាដូចនឹងពាក្យមួយឃ្លាដែលខ្ញុំតែងតែងពោលថា៖ «សេចក្តីសុខរបស់ខ្ញុំ គឺនៅពេលឃើញបុគ្គលិកមានភាពសប្បាយ រីករាយ និងមានជីវភាពធូរធារល្អប្រសើរ»។
ខ្ញុំនៅតែសង្ឃឹមមុតមាំថា ទឹកចិត្តដ៏មុតស្រួចរបស់សហការីទាំងអស់នឹងមិនប្រែថ្មីនោះឡើយ នៅតែបន្តរក្សាប្រមូលផ្តុំគ្នាជាកម្លាំង ហើយកាន់តែខ្លាំងក្លាជាងឆ្នាំចាស់ ដើម្បីសម្រេចគោលដៅរួមមួយ កសាងអង្គភាពព័ត៌មានជាទ្រនំដ៏សុខសាន្តមួយនេះឲ្យកាន់តែល្បាញល្បី ថែមទៀត ជាមួយនឹងដំណើរមិនចេះនឿយហត់។
បើទោះបីការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ចូលមកដល់ក្នុងពេលវេលាដ៏លំបាកយ៉ាងណាក៏ដោយចុះ ក៏ប្រជាពលរដ្ឋខ្មែរនៅតែបន្តរួមគ្នាប្រារព្ធ ពិធីលំអានប្រពៃណីមួយនេះទៅតាមលទ្ធភាព ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ។ បើទោះបីមិនអាចជួបជុំក្រុមគ្រួសារឱ្យអធិកអធមដូចពេលកម្ពុជាមិនទាន់ជួបជំងឺកូវីដ១៩ក្តី តែតាមក្រុមគ្រួសារនីមួយៗបានជួបជុំជាលក្ខណៈគ្រួសារតូចៗ រៀបចំគ្រឿងរណ្តាប់ផ្សេងៗទទួលទេវតាឆ្នាំថ្មី ដើម្បីទទួលបានពរជ័យសិរីសួស្តីនៅក្នុងឆ្នាំថ្មី។
ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាម «មណ្ឌាទេវី» បានយាងចុះមកគ្រប់គ្រងចក្រវាឡនេះ វេលាម៉ោង៤ទៀបភ្លឺថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស៤៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំ លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News តំណាងឲ្យសហការីទាំងអស់ សូមលំឱនកាយបួងសួងដល់បុណ្យគុណព្រះរតនត្រ័យ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ទេវតាថែរក្សាព្រះស្វេតឆត្រ ទេវតាឆ្នាំថ្មីព្រះនាង មណ្ឌាទេវី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមថ្វាយព្រះពរជ័យសិរីបវរមហាប្រសើរដល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរនេះ ខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៅ និងខ្ពង់ខ្ពស់បំផុតផងដែរ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី គ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដែលតែងបានគាំទ្រអង្គភាព Fresh News តាំងពីដើមរៀងមក។ ជាពិសេសម្ចាស់ក្រុមហ៊ុននានា ដែលតែងបានជួយផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលរបស់ខ្លួន។ ការឧបត្ថម្ភគាំទ្រពីម្ចាស់ពាណិជ្ជកម្មនានា ជាការបន្តក់នូវទឹកអម្រិតប្រោសព្រំផ្តល់ដង្ហើមឲ្យ Fresh News អាចឈរជើងលើវេទិកា នៃការផ្តល់ព័ត៌មានប្រកបដោយការ ប្រកួតប្រជែងនាពេលបច្ចុប្បន្ន។
ខ្ញុំសូមលើកហត្ថទាំងទ្វេបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកគុណបុណ្យ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រធាន ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំងមូលតាមជួយ អភិបាលប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ក្រុមហ៊ុន និងមិត្តអ្នកអានទាំងអស់បានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ និងសម្រេចរាល់បំណងប្រាថ្នា និងសូមឲ្យបានទទួលជោគជ័យគ្រប់ការងារ ភារកិច្ច និង របរអាជីវកម្ម។
ឆ្នាំថ្មីនេះ ខ្ញុំក៏សូមលើកហត្ថទាំងទ្វេបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកគុណបុណ្យ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រធាន ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំងមូលតាមជួយ អភិបាលប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារទឹកដី និងបំពេញបេសកកម្មក្នុងបុព្វហេតុជាតិមាតុភូមិ មានសុខភាពល្អ កម្លាំងពលំមាំមួន និងទទួលបានជោគជ័យក្នុងបេសកកម្មការពារ និងបម្រើជាតិកម្ពុជា។
ខ្ញុំក៏សូមលើកហត្ថទាំងទ្វេបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកគុណបុណ្យ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រធាន ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំងមូលតាមជួយ អភិបាលប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យគ្រប់ប្រការ ជូនដល់ក្រុមគ្រូពេទ្យ «កងទ័ពអាវស» ដែលកំពុងបំពេញបេសកកម្មយ៉ាងស្វិតស្វាញក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងសង្គ្រោះអាយុជីវិតអ្នកជំងឺពីមេរោគកូវីដ១៩។
ក្នុងឆ្នាំថ្មីនេះ ខ្ញុំសូមបួងសួងឱ្យជាតិខ្មែរបានយកឈ្នះលើជំងឺកូវីដ១៩ ក្រោមស្មារតីប្រយុទ្ធរួមគ្នាជាធ្លុងរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ដោយស្តាប់ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ។ ជាពិសេសអនុវត្តតាមវិធានសុខាភិបាល ដោយប្រកាន់ខ្ជាប់នូវគោលការ «៣កុំ និង៣ការពារ»៕