(ព្រះសីហនុ)៖ សាលាខេត្តព្រះសីហនុ បានជូនដំណឹងពីការរកឃើញអ្នកកើតកូវីដ១៩ ចំនួន២នាក់។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានយកថ្ងៃទី១៣ ខែមេសានេះ។
សេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានយកវត្ថុសំណាកស្ត្រីជនជាតិខ្មែរ ចំនួន ២នាក់ (ឈ្មោះ សុខ គន្ធា ហៅ ស្រីពៅ អាយុ ៣០ឆ្នាំ លក់គ្រឿងសមុទ្រ តូបលេខ៨៩០ និងឈ្មោះ សុខ ស្រីនាង អាយុ ៤២ឆ្នាំ លក់គ្រឿងសមុទ្រ តូបលេខ៨៦៨) រស់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានមុខរបរជាអ្នកលក់គ្រឿងសមុទ្រ នៅផ្សារលើ ក្រុងព្រះសីហនុ។
យោងតាមលទ្ធផលតេស្តនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា ស្ត្រីទាំង ២នាក់ខាងលើនេះមាន វិជ្ជមានវីរុសកូវីដ-១៩។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ទីតាំងតូបលក់គ្រឿងសមុទ្រទាំង២ (តូបលេខ៨៩០ និងតូបលេខ ៨៦៨) នៅផ្សារលើ ក្រុងព្រះសីហនុ ឬធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ជាមួយស្ត្រីទាំង២នាក់ ដូចបានរៀបរាប់ខាងលើ ចាប់ពីថ្ងៃទី០២ ខែមេសា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ត្រូវប្រញាប់រួសរាន់ទៅយកវត្ថុសំណាក ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ នៅវេទិកា ៧មករា សង្កាត់លេខ៣ ក្រុងព្រះសីហនុ ចាប់ពីវេលាម៉ោង ៤៖០០នាទីរសៀល ជារៀងរាល់ថ្ងៃ។
បន្ថែមលើនោះអ្នកពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច។ ជាមួយគ្នានោះ ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត
សុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត។
ករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម...។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរសព្ទ 012 794 896 ឬ 016 526 520៕