(សៀមរាប)៖ គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក ២៤គ្រួសារ នៅឃុំត្រពាំងធំ និងឃុំមានជ័យ ក្នុងស្រុកប្រាសាទបាគង បានទទួលអំណោយសង្រ្គោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ។
ក្នុងវត្តមានរបស់លោក ស៊ុ សំអន នាយកសាខា តំណាងឲ្យលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក សូរ ប្លាតុង ប្រធានអនុសាខាកាកបាទក្រហមស្រុក ព្រមទាំង សមាជិកអនុសាខា និងអាជ្ញាធរមូល ដោយរៀបចំនៅក្នុងបរិវេណវត្តរកា ឃុំមានជ័យ។
លោក សូរ ប្លាតុង បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមេសា កន្លងទៅនេះ មានខ្យល់កន្ត្រាក់ ធ្វើឲ្យប៉ះពាល់ពីរឃុំ ក្នុងនោះឃុំត្រពាំងធំ ៥គ្រួសារ ឃុំ មានជ័យ ៩គ្រួសារ ដោយរបើកដំបូល និងជញ្ជាំងផ្ទះ តែមិនបានធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ឡើយ។
លោក ស៊ុ សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ វណ្ណៈ ព័ណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងមិនទុកឲ្យអ្នកណាចោល នៅពេលប្រជាពលរដ្ឋជួបការលំបាកនោះឡើយ។
លោកបន្តថា ថ្វីដ្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតផងដែរ។ ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និងទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ចំពោះអំណោយ ចែកជូនគ្រួសាររងគ្រោះទាំង ១៤គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យូរ, ទឹកត្រី ១យួរ, ឃីត ១កញ្ចប់, ស័ង្កសី ១០សន្លឹក, និងថវិកា ១០ម៉ឺនរៀល ផងដែរ៕