(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ ខែមេសានេះ បានចេញសេចក្តីណែនាំបន្ទាន់មួយ ស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងមូលដ្ឋានផ្សារចាស់ ក្រោយរកឃើញអាជីវករ ១៨នាក់ឆ្លងជំងឺកូវីដ១៩។
សេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់តាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពវិវឌ្ឍនៃការរីករាលដាល ជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានផ្សារចាស់ ស្ថិតនៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានការឆ្លង
ជាបន្តបន្ទាប់ក្នុងចំណោមបងប្អូនអាជីវករ គួរឱ្យព្រួយបារម្ភ និងចាំបាច់ ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។
គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ មានអាជីវករចំនួន១៨រូប ត្រូវបានគេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ ។
ចំពោះមុខ ដើម្បីថែរក្សាអាយុជីវិត និងការពារសុខភាពរបស់បងប្អូនអាជីវករ ក្រុមគ្រួសារ-សាច់ញាតិ ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិទាំងមូល ឱ្យរួចចាកផុតពីគ្រោះថ្នាក់ ដោយជំងឺឆ្លងដ៏កាចសាហាវ ក៏ដូចជា ដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានផ្សារចាស់នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការក្រើនរំលឹក និងណែនាំដូចខាងក្រោម៖
១៖ ដើម្បីចៀសវាងការពិន័យអន្តរការណ៍ និងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន សូមបងប្អូន អាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំង ប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារចាស់ គិតចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មកដែលមិនទាន់ បានអញ្ជើញទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅក្នុងបរិវេណវិទ្យាល័យបាក់ទូក និងវិទ្យាល័យបឹងត្របែក ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺត្រូវនៅក្នុងផ្ទះ ឬបន្ទប់ដាច់ដោយឡែកគ្រប់ពេលវេលាទាំងអស់ ក្នុងរយៈពេល១៤ ថ្ងៃ ហាមដាច់ខាតដើរចេញក្រៅផ្ទះ ឬបន្ទប់ ឬទីកន្លែងដែលខ្លួនត្រូវធ្វើចត្តាឡីស័ក។
២៖ ចំពោះអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករ បម្រើការងារក្នុងផ្សារ ដែលមិនព្រមសហការ ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ តាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យបន្តអាជីវកម្មលក់ដូរ ឬចេញ-ចូល មកបម្រើការងាររបស់ខ្លួនឡើយ នៅពេលដែលផ្សារ ត្រូវបានបើកដំណើរការ ជាប្រក្រតីឡើងវិញ។
៣៖ ចំពោះប្រជាពលរដ្ឋ ដែលមានលំនៅឋានរស់នៅក្បែរខាងជាមួយអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារផ្សារចាស់ ក្នុងកាលៈទេសៈនេះ ដាច់ខាត គឺមិនត្រូវជួបប្រាស្រ័យទាក់ទងជាមួយគ្នាឡើយ និងត្រូវចូលរួមឃ្លាំមើលពីការអនុវត្តវិធានចត្តាឡីស័ករបស់ពួកគាត់។ ក្នុងករណី ពិនិត្យឃើញថាមានបុគ្គលណាមួយ មិនព្រមអនុវត្ត ឬ អនុវត្តមិនបានពេញលេញតាមវិធានចត្តាឡីស័ក សូមបងប្អូនប្រជាពលរដ្ឋ ធ្វើការណែនាំ និងរាយការណ៍ជាបន្ទាន់ មកអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬ ទំនាក់ទំនងទៅកាន់លេខ ១២៩៩ ហើយរដ្ឋបាលរាជធានីភ្នំពេញ ធានារក្សាការសម្ងាត់ជូនដើម្បីឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការ បានទាន់ពេលវេលា ចៀសវាងការចម្លងជំងឺកូវី៥-១៩ កាន់តែធ្ងន់ធ្ងរទៅក្នុងមូលដ្ឋានភូមិ-សង្កាត់ដែលខ្លួនកំពុងរស់នៅ។
៤៖ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលមានអាជីវករសន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ កំពុងរស់នៅក្នុងមូលដ្ឋានដែនដី ដែលខ្លួនគ្រប់គ្រង ត្រូវចុះផ្សព្វផ្សាយ ជំរុញឱ្យពួកគាត់ទៅយកសំណាកតេស្តរកមេរោគកូវី៥-១៩ និងត្រូវដាក់កម្លាំងគ្រប់គ្រង ឃ្លាំមើលណែនាំ និងមានចំណាត់ការឱ្យបានទាន់ពេលវេលា ដើម្បីធានាថាពួកគាត់ពិតជាបានអនុវត្តយ៉ាងខ្ជាប់ខ្លួន តាមវិធានចត្តាឡីស័ក និងការណែនាំរបស់ក្រសួងសុខាភិបាល៕