(ភ្នំពេញ)៖ យ៉ាងហោចណាស់មានទណ្ឌិត ៣៦០នាក់ ត្រូវបានស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ នេះបើតាម លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៣ ខែមេសានេះ។
លោក គឹម សន្តិភាព បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១ គណៈកម្មការថ្នាក់ជាតិបានទទួលសំណុំឯកសារ ពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន២៣ និងមណ្ឌលអប់រំកែប្រែទាំង០៤ ដែលស្នើសុំផ្តល់ការអនុគ្រោះទោសដល់ ទណ្ឌិតសរុបចំនួន ៥៤២ នាក់ (ស្រី ៦៨ នាក់) រួមមាន៖
* ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤៧២ នាក់ (ស្រី ៥៩ នាក់)
* ស្នើសុំលើកលែងទោស ចំនួន ៧០ នាក់ (ស្រី០៩នាក់) ។
ជាលទ្ធភាព នៃកិច្ចប្រជុំកិច្ចរបស់ គណៈកម្មការថ្នាក់ជាតិបានសម្រេចគោរពស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទូលថ្វាយព្រះមហាក្សត្រផ្តល់ភាពអនុគ្រោះទោសដល់ទណ្ឌិតសរុប ៣៦០នាក់ (ស្រី ៤៤ នាក់) រួមមាន៖
១៖ ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៣៥៨ នាក់ (ស្រី ៤៣ នាក់) ក្នុងនោះមាន៖
* ការបន្ថយទោស ៣ ខែ ចំនួន ១៩៦ នាក់ (ស្រី ១៧ នាក់)
* ការបន្ថយទោស ៦ ខែ ចំនួន ៩៨ នាក់ (ស្រី ២០នាក់)
* ការបន្ថយទោស ៩ ខែ ចំនួន ៥៤ នាក់ (ស្រី ០៤ នាក់)
* ការបន្ថយទោស ១២ ខែ ចំនួន ០៨ នាក់ ( ០២ នាក់)
* ការបន្ថយទោសពីមួយជីវិតមក ៣០ ឆ្នាំ ចំនួន ០២ នាក់ ( ស្រី ០០ នាក់)
២៖ ស្នើសុំលើកលែងទោស ចំនួន ០២ នាក់ ( ស្រី ០១ នាក់)។
គួររម្លឹកថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យស្តីពី ការបន្ថូរបន្ថយទោស និងលើកលែងទោស។
ជំពូក២ មាត្រា៣ នៃព្រះរាជក្រឹត្យនេះ បានបញ្ជាក់ថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត មានចំនួន ៥ដង ក្នុង១ឆ្នាំៗ រួមមាន៖
១៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
២៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
៣៖ ពិធីបុណ្យវិសាខបូជា
៤៖ ពិធីបុណ្យឯករាជ្យជាតិ
៥៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
មាត្រាដដែលនេះ បានបន្ថែមថា ការបន្ធូរបន្ថយទោស និងលើកលែងទោស ក៏អាចធ្វើផងដែរក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។ លើសពីនេះទៀត ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើសម្រាប់ពិធីបុណ្យនីមួយៗខាងលើ ឬដាច់ដោយឡែកពីគ្នា ឬរួមគ្នា៕