(ភ្នំពេញ)៖ រសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នៅក្រសួងសុខាភិបាល ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានសម្របសម្រួលជាមួយអ្នកវិនិយោគបរទេស និងសប្បុរសជនចំនួន១៤ តាមរយៈលោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកកាំងប្រចាំកម្ពុជា និងលោក Salah Essa នាំយកសម្ភារប្រគល់ជូនក្រសួងសុខាភិបាល តាមរយៈគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានលោកស្រី ឱ វណ្ណឌីន ជាប្រធាន ដែលសម្ភារទាំងនោះ នឹងត្រូវយកមកប្រើប្រាស់សម្រាប់ការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និងការងារប្រយុទ្ធប្រឆាំងនឹងការរីករាលជំងឺកូវីដ ផងដែរ។
សម្ភារដែលត្រូវប្រគល់ជូននោះ រួមមាន៖ រថយន្តដឹកវ៉ាក់សាំង០២គ្រឿង ដែលនឹងមកដល់កម្ពុជាក្នុងខែឧសភា ឆ្នាំ២០២១, កុំព្យូទ័រយូរដៃ, ម៉ាស៊ីន Printer, សម្លៀកបំពាក់ពេទ្យ(PPE), ម៉ាស់ និងសម្ភារផ្សេងៗដទៃទៀតសរុបថវិកាប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក។
វិស័យឯកជន និងសប្បុរសជនទាំង១៤រួមមាន៖
*ទី១៖ Cambodia Rice Federation
*ទី២៖ RMA (Cambodia)
*ទី៣៖ SCG (Cambodia)
*ទី៤៖ SELA Pepper
*ទី៥៖ Marriott Courtyard Hotel
*ទី៦៖ Cambodian Investment Management
*ទី៧៖ DAGS Asset Management
*ទី៨៖ TANNCAM Investment
*ទី៩៖ Baker Tilly (Cambodia)
*ទី១០៖ Mr. Joseph Michael Couto
*ទី១១៖ លោក Salah Essa
*ទី១២៖ លោក Mark William Seymour
*ទី១៣៖ លោក Wells Matthew John Roland
*ទី១៤៖ កញ្ញា Narumon Rinruangsin។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះទុកចិត្តប្រកបដោយសប្បុរសចំពោះវិនិយោគិនបរទេស ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារទប់ស្កាត់ការរីករាលនៃជំងឺឆ្លងកូវីដ-១៩ ដែលបាននឹងកំពុងបង្ករជាហានិភ័យយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជានាសព្វថ្ងៃនេះ។
លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរជូនចំពោះបណ្តាក្រុមហ៊ុនវិនិយោគបរទេសទាំងអស់ ដែលបានដាក់ទុនវិយោគរកស៊ីនៅកម្ពុជា ព្រមទាំងបានបង្កើតនូវឱកាសការងារយ៉ាងច្រើនជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងចូលរួមដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ក្រោមម្លប់សុខសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការពលីគ្រប់បែបរបស់ក្រុមគ្រូពេទ្យ ដែលបានបំពេញបេសកកម្មការងារដ៏មានតម្លៃ និងសកម្មបំផុត ក្នុងការជួយសង្រ្គោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។