(កណ្ដាល)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ក្រុមហ៊ុនបំពង់ទីបជ័រ KAP បាននាំយកអង្ករចំនួន២០តោន ប្រគល់ជូនគណ:កម្មាធិការគណបក្សប្រជាជន កម្ពុជាខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល បានថ្លែងអំណរគុណដោយស្មោះចំពោះក្រុមហ៊ុនបំពង់ទីបជ័រ KAP ដែលបានបរិច្ចាគនូវ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន សម្រាប់ជួយនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។
លោកប្រធានបានសន្យាថា នឹងនាំយកសម្ភារៈទាំងអស់នេះ ប្រគល់ដល់ដៃប្រជាពលរដ្ឋ និងអ្នកដែលរងប៉ះពាល់ ដោយផ្ទាល់ និងប្រយោល ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
គួរជម្រាបថា ចាប់តាំងពីកើតជម្ងឺកូវីដ-១៩មក រដ្ឋបាលខេត្តកណ្ដាលបានចាត់វិធានការណ៍ទប់ស្កាត់ , ផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន និងបានជួយសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល បានយ៉ាងមានប្រសិទ្ធភាព ពិសេសបាននាំយកអំណោយមនុស្សធម៍ជាច្រើនចែកជូនដល់អ្នកធ្វើចត្តាឡីស័ក ក្រុមគ្រួសារអ្នកកើតកូវីដ-១៩ និងអ្នកកើតកូវីដ-១៩ផ្ទាល់បានយ៉ាងផុសផុល ដែលទទួលបានការសាទរពីពលរដ្ឋ នូវសកម្មភាពដ៍ល្អរបស់ដ្ឋបាលខេត្តកណ្ដាលមកចំពោះប្រជាពលរដ្ឋ៕