(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការចេញផ្សាយព័ត៌មាន កាលពីពេលថ្មីៗនេះរបស់អ្នករាយការណ៍ពិសេសចំនួន៤រូប ដែលបានមើលរំលងនូវទិដ្ឋភាពជារួមទាំងមូល នៃការប្រយុទ្ធប្រឆាំងរបស់កម្ពុជា ទៅនឹងមេរោគកូវីដ១៩។
តំណាងកម្ពុជា បានចាត់ទុកថា អ្នកជំនាញខាងលើដែលមិនមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិ ប៉ុន្តែបម្រើការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន តែងតែមានអារម្មណ៍ថា អ្វីៗគួរធ្វើទៅតាមរបៀបផ្សេង ដោយផ្អែកលើទស្សនៈផ្ទាល់ខ្លួនរបស់ពួកគាត់។ ក្នុងករណីគំនិតសាកល្បងរបស់ពួកគាត់មានការថ្លោះធ្លោយ បុគ្គលទាំងនោះពុំមានទំនួលខុសត្រូវអ្វីឡើយ។ ក៏ប៉ុន្តែ រាជរដ្ឋាភិបាលដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយពលរដ្ឋកម្ពុជា តែងតែទទួលខុសត្រូវទាំងស្រុង ចំពោះរាល់ការសម្រេចចិត្តរបស់ខ្លួន ដោយផ្អែកលើការវាយតម្លៃអំពីហានិភ័យ ជាមួយនឹងវិធាននិងលក្ខណៈវិនិច្ឆ័យច្បាស់លាស់ ដូចខាងក្រោម៖
ទី១៖ នៅទូទាំងពិភពលោក ការឆ្លើយតបនឹងការរាតត្បាតមេរោគកូវីដ១៩ តម្រូវឱ្យមានវិធានការវិសាមញ្ញ និងមិនធ្លាប់មានពីមុនមក ដោយគិតគូរអំពីស្ថានភាពប្រទេសនីមួយៗ។ ការពិតមួយដែលមិនអាចប្រកែកបាននោះគឺ នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក និងតំណាងប្រចាំប្រទេសកម្ពុជា របស់ស្ថាប័នសុខភាពពិភពលោកមួយនេះ បានកោតសរសើរចំពោះវិធានការជាបន្តបន្ទាប់ដែលកម្ពុជាបានដាក់ចេញ និងអនុវត្តកន្លងមក រួមទាំង ការហាមឃាត់ការធ្វើដំណើរ និងការបិទខ្ទប់ដោយផ្នែកនៅតំបន់មួយចំនួន ដែលមានការឆ្លងរាលដាលនៃមេរោគកូវីដ១៩។
ទី២៖ រាល់វិធានការដែលបានដាក់ចេញកន្លងមក តែងប្រកាន់ខ្ជាប់នូវគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រ។ ការសំដែងក្តីព្រួយបារម្ភទៅលើច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គឺជាបុរេវិនិច្ឆ័យ និងជាការបំផ្លើស។ ច្បាប់នេះពុំមានគោលបំណងដាក់ទោសទណ្ឌទៅលើបុគ្គលណាម្នាក់នោះទេ ប៉ុន្តែ ផ្ទុយទៅវិញ គឺដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមប្រកបដោយទំនួលខុសត្រូវខ្ពស់ពីពលរដ្ឋគ្រប់រូប ក្នុងកិច្ចប្រឹងប្រែងដើម្បីធានាសុខភាពសាធារណៈ និងជីវិតដ៏មានតម្លៃរបស់បុគ្គលគ្រប់រូប។ ការដាក់ទោសទណ្ឌ ដែលសមាមាត្រទៅនឹងប្រភេទបទល្មើស និងចេតនានៃការប្រព្រឹត្ត គឺអនុវត្តចំពោះតែបុគ្គលបំពានច្បាប់ ដែលបង្កឱ្យមានការឆ្លងក្នុងសហគមន៍ប៉ុណ្ណោះ។
ទី៣៖ ការបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនខ្លះរបស់បុគ្គលមួយចំនួនដែលមានផ្ទុកមេរោគកូវីដ១៩ ដោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតស្របតាមមាត្រា៤ នៃច្បាប់ខាងលើនិងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។ ការបង្ហាញអត្តសញ្ញាណខាងលើតែងតែជាការសម្រេចចិត្តដ៏លំបាកនិងបន្ទាន់មួយ អាស្រ័យដោយភាពចាំបាច់បំផុត ក្នុងគោលបំណងកាត់ផ្តាច់ឱ្យបានឆាប់បំផុតនូវខ្សែសង្វាក់ចម្លងជំងឺទៅក្នុងសហគមន៍ ដែលមានការជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ដើម្បីជាផលប្រយោជន៍សុវត្ថិភាពសុខភាពសាធារណៈ និង សន្តិសុខរបស់ពលរដ្ឋទាំងមូល ដែលត្រូវបានធានាដោយច្បាប់អន្តរជាតិ។
ទី៤៖ បទពិសោធន៍របស់កម្ពុជាកន្លងមក បានបង្ហាញថា ជម្រើសបណ្តោះអាសន្ននិងមានរយៈពេលកំណត់ក្នុងការបង្ហាញអត្តសញ្ញាណដូច្នេះ បានជំរុញនិងលើកទឹកចិត្តឱ្យមានការតាមរុករក ការធ្វើតេស្ត និងធ្វើចត្តាទ្បីស័ក បានលឿន និងទាន់ពេលវេលា ចំពោះបុគ្គលពាក់ព័ន្ធ សំដៅរួមចំណែកទប់ស្កាត់ស្ថានភាពឆ្លងក្នុងសហគមន៍ដែលមិនអាចគ្រប់គ្រងបាន ដូចដែលតំបន់ខ្លះក្នុងពិភពលោកបាននិងកំពុងជួបប្រទះយ៉ាងធ្ងន់ធ្ងរ។
ទី៥៖ ការអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់ជំនួយសេដ្ឋកិច្ច គឺជាការធ្វើមិនដឹងមិនឮចំពោះការពិត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីដោះស្រាយផលប៉ះពាល់សង្គម-សេដ្ឋកិច្ច និងគាំទ្រក្រុមងាយរងគ្រោះ ដើម្បីអនុញ្ញាតឱ្យពួកគាត់អាចឆ្លើយតបនឹងតម្រូវការមូលដ្ឋាន។ កិច្ចអន្តរាគមន៍ទាំងនោះរួមមាន ការផ្តល់ប្រាក់បៀវត្សរ៍ប្រចាំខែដល់និយោជិតក្នុងវិស័យកាត់ដេរនិងទេសចរណ៍ ដែលការងារពួកគាត់ត្រូវបានព្យួរ កម្មវិធីផ្ទេរសាច់ប្រាក់ជូនគ្រួសារក្រីក្រ ជំនួយឧបត្ថម្ភសម្រាប់បង់ថ្លៃទឹកភ្លើងជូនគ្រួសារដែលរងគ្រោះដោយសារមេរោគកូវីដ១៩ ការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់តំបន់ដែលបានបិទខ្ទប់ និងសេចក្តីណែនាំឱ្យវិស័យមីក្រូហិរញ្ញវត្ថុបន្ធូរបន្ថយការបង់ប្រាក់ជាបណ្តោះអាសន្នក្នុងអំឡុងពេលនៃការរាតត្បាតសកលនេះ ជាដើម។ ទន្ទឹមនេះ យុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ របស់កម្ពុជាក៏ទទួលបានការកោតសរសើរពីអង្គការយូណេស្កូ បណ្ដាអង្គទូតបរទេស និងក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ផងដែរ។
ស្ថានបេសកម្មអចិន្រ្តៃយ៍កម្ពុជា បញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងរបស់កម្ពុជាទៅនឹងមេរោគកូវីដ ១៩ បានដាក់បញ្ចូលនូវគុណតម្លៃសិទ្ធិមនុស្ស ដោយមិនទុកបុគ្គលណាម្នាក់ចោលឡើយ។ មានតែការអនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវវិធានការសុខាភិបាល រដ្ឋបាល និងផ្សេងទៀត រួមបញ្ចូលគ្នា ប៉ុណ្ណោះ ទើបអាចធានាបាននូវការសង្រ្គោះជីវិត សុវត្ថិភាពសុខភាពសាធារណៈ និងការវិលត្រឡប់ទៅរកជីវភាពប្រក្រតីថ្មីបានឆាប់រហ័ស។ ក្នុងន័យនេះ អ្នករាយការណ៍ពិសេសត្រូវទទួលស្គាល់នូវអាទិភាពនិងបំពេញតួនាទីរបស់ខ្លួនដោយទំនួលខុសត្រូវ តាមរយៈការជួយបំពេញបន្ថែមនៅកន្លែងផ្ទាល់ ជាជាងការបង្អាក់ដល់បេសកកម្មសង្គ្រោះជីវិត និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះក្នុងសហគមន៍៕