(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើលិខិតថ្លែងអំណរគុណជូន លោកស្រី ម៉ន ដានី អគ្គនាយិកាក្រុមហ៊ុន ម៉ន ដានី និងស្វាមី ផង់ផាន់ ឃុនថាវង្ស ដែលបានឧបត្ថម្ភអង្ករ, ទឹកសុទ្ធ, មី, អាល់កុល និងម៉ាស់ ជូនដល់សាលារាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការជំងឺកូវីដ១៩ ក្នុងសហគមន៍។
លិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌របស់លោកស្រី ម៉ន ដានី និងស្វាមី ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសបានទាន់ពេលវេលា។
លោក ឃួង ស្រេង បានបន្ថែមទៀតថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឲ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននិងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ១៩។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចង់ចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕
ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណរបស់អភិបាលរាជធានីភ្នំពេញ៖