(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងអំណរគុណ លោកស្រី ទន្តបណ្ឌិត អេង លីគង់ ប្រធានសមាគមសហគ្រិនកម្ពុជា និងលោកឧកញ៉ា លឹម ស្រូយ ដែលបានឧបត្ថម្ភអង្ករ ១៥០តោន ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
លោកអភិបាលរាជធានី បានគូសបញ្ជាក់ក្នុងលិខិតថ្លែងអំណរគុណថា កាយវិការប្រកបដោយមនុស្សធម៌ និងគុណធម៌របស់លោកស្រី អេង លីគង់ និងលោកឧកញ៉ា លឹម ស្រូយ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេសឱ្យបានទាន់ពេលវេលា។
លោក ឃួង ស្រេង បានគូសបញ្ជាក់ដូច្នេះ «ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឱ្យឃើញអំពីការគិតគូ និងក្តីអាណិតស្រឡាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាននិងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតមេរោគកូវីដ១៩»។
លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា សមានចិត្តដ៏ថ្លៃថ្លានេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕