(ព្រះសីហនុ)៖ សេចក្តីរាយការណ៍ពី សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមីនានេះ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើងនៅផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រ១៥៣-១៥៤ ដោយយុវវ័យប្រុសស្រី២នាក់ ទំនងជាគូស្នេហ៍ បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន រួចក៏រ៉េចង្កួតធ្លាក់ផ្លូវក្រឡាប់ រងរបួសទាំងពីរនាក់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ចបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅម៉ោង៧៖១០នាទីព្រឹកថ្ងៃនេះ ស្ថិតនៅក្នុងភូមសឹ្ទងឆាយ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ជាករណីបង្កដោយខ្លួនឯង ដោយរថយន្ត១គ្រឿងម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2L-6683 បើកបរដោយឈ្មោះ សាត គុកស្រេង ភេទប្រុស អាយុ២៣ឆ្នាំ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចកើតហេតុ អ្នកបើកបរងងុយដេក រ៉េចង្កូតក្រឡាប់ខ្លួនឯងតែម្តង។
បច្ចុប្បន្នវត្ថុតាងរថយន្ត១គ្រឿង បានយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកំពង់សិលា។ ចំណែកជនរងគ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕