(ឡាវ)៖ អភិបាលក្រុងវៀងច័ន្ទ ប្រទេសឡាវ បានសម្រេចចបិទ (Lock down) រដ្ឋធានីវៀងច័ន្ទ ចាប់អនុវត្តពីថ្ងៃទី១៣ ដល់៣០ ខែមេសា ឆ្នាំ២០២១ ក្រោយពីបានរកឃើញករណីឆ្លងកូវីដ-១៩ ប្រភេទថ្មី។ អ្នកវិជ្ជមានកូវីដ១៩នេះ ជាពាណិជ្ជករថៃ ហើយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុគ្គលនោះបានចេញ-ចូលទីតាំងជាច្រើនកន្លែងក្នុងរដ្ឋធានីវៀងច័ន្ទ។ អាជ្ញាធរឡាវ កំពុងធ្វើការស្រាវជ្រាវរកអ្នកពាក់ពន្ធ័ជាមួយជនជាតិថៃមួយចំនួនទៀត។
ទន្ទឹមជាមួយនឹងការដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក៏បានជូនដំណឹងពីវិធានការមួយចំនួនសម្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅ ឬចង់ចេញចូលក្នុងប្រទេសឡាវផងដែរ។
ក្នុងសេចក្តីជូនដំណឹងដែល Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមេសា ស្ថានទូតខ្មែរនៅឡាវ បានបញ្ជាក់ថា ក្នុងឱកាសចូលឆ្នាំនេះ មិនអនុញ្ញាតឱ្យធ្វើដំណើរចេញ-ចូលរដ្ឋធានីវៀងច័ន្ទ ទៅដើរកំសាន្តតាមបណ្តាខេត្តផ្សេងៗ លើកលែងតែអ្នកជំងឺ និងការដឹកជញ្ជូនទំនិញ។
អាជ្ញាធរឡាវ ក៏បានផ្អាកធ្វើអាជីវកម្មជាបណ្តោះអាសន្ន, ហាមជួបជុំគ្នា និងធ្វើទំនាក់ទំនងប្រមូលផ្តុំគ្នាកុះករ ត្រូវអនុវត្តគម្លាតសង្គម ហើយបើពុំមានការចាំបាច់ សូមកុំធ្វើដំណើរចេញក្រៅផ្ទះនៅក្នុងឱកាសចូលឆ្នាំថ្មី៕