(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៤នាក់ ស្ថិតនៅក្រុងស្វាយរៀង និងក្រុងបាវិត។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា កាលពីថ្ងៃទី០៧ និងទី១០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកអ្នកមានរោគសញ្ញា ចូលក្នុងករណីសង្ស័យថាមានជំងឺកូវីដ-១៩ ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈ ហើយលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ដែលមានឈ្មោះដូចខាងក្រោម៖
១៖ កុមារី អាយុ ៥ឆ្នាំ ស្នាក់នៅជាមួយគ្រួសារក្នុងកាស៉ីណូបាវិត-ម៉ុកបាយ នៅសង្កាត់បាវិត ក្រុងបាវិត
២៖ បុរសជនជាតិចិនឈ្មោះ ZHUANY XUAUCHENG អាយុ ៣៦ឆ្នាំ នៅសង្កាត់ស្វាយប៉ោ ក្រុងស្វាយរៀង
៣៖ បុរសជនជាតិចិនឈ្មោះ HUANG WEI អាយុ ២៣ឆ្នាំ នៅសង្កាត់បាវិត ក្រុងបាវិត ជាបុគ្គលិកពេទ្យមួយកន្លែង
៤៖ ស្រ្តីជនជាតិចិនឈ្មោះ HU CHUNHUA អាយុ ៥៦ឆ្នាំ នៅសង្កាត់បាវិត ក្រុងបាវិត ជាបុគ្គលិកពេទ្យមួយកន្លែង។
បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ចំនួន ០២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត និងចំនួន ០២នាក់ នៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ។
ចំពោះទីតាំងដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានរៀបចំជាមណ្ឌលចត្តាឡីស័ក រួមមាន៖
* កាស៊ីណូបាវិត-ម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត
* បន្ទប់ពិគ្រោះព្យាបាលជំងឺ វិថីពាណិជ្ជកម្មថ្មើរជើងបាវិត ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត។
រដ្ឋបាលខេត្ត បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើគិតចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកដែលមានទីតាំងនៅ អតីតយានដ្ឋាន Mr.SO ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២៕