(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមគ្រួសារបានដង្ហែរសពលោក ប៉េង ប៉ាត់ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាស្វាមីរបស់ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ទៅធ្វើពិធីបូជានៅឈាបនដ្ឋានមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ដែលជាមិត្តរួមជំនាន់របស់សម្តេចតេជោ ហ៊ុន សែន រួមទាំងថ្នាក់ដឹកនាំកម្ពុជាមួយចំនួនទៀត ក្នុងការតស៊ូផ្តួលរំលំរបប ប៉ុល ពត បានទទួលមរណភាពកាលពីវេលាម៉ោងប្រមាណ ១៖៣៥នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ។
សពរបស់នាយឧត្តមសេនីយ៍ប៉េង ប៉ាត់ នឹងត្រូវផ្តល់ភ្លើងបូជា ដោយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។
ជីវប្រវត្តិខ្លះៗរបស់នាយឧត្តមសេនីយ៍ប៉េង ប៉ាត់៖
- ក្រោយរំដោះ ៧មករា ឆ្នាំ១៩៧៩ លោក ប៉េង បាត់ ត្រូវបានរដ្ឋចាត់តាំងឱ្យទទួលការងារជាមេបញ្ជាការយោធាក្រុងភ្នំពេញ
- ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៥ លោកត្រូវបានតែងតាំងជានាយកសាលាកងទ័ពជើងគោល នៃក្រសួងការពារជាតិ
- ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៨៧ ដោយនិស្ស័យស្រឡាញ់ការសិក្សា និងមានបំណងបង្កើតចំណេះដឹង និងជំនាញវិជ្ជាជីវៈខាងយោធា លោកបានសម្រេចចិត្តទៅបន្តការសិក្សាថ្នាក់យោធាជាន់ខ្ពស់នៅសាធារដ្ឋសង្គមនិយមវៀតណាម
- ពីឆ្នាំ១៩៨៧ដល់ឆ្នាំ១៩៨៩ ដោយទទួលបានស្នាដៃការងារឆ្នើម លោកត្រូវបានតម្លើងឋានៈ និងតួនាទីជាបន្តបន្ទាប់ រហូតបានក្លាយជាអនុមន្រ្តីក្រសួសហប្រតិបត្តិការ សេដ្ឋកិច្ច និងវប្បធម៌ នៃក្រុមប្រឹក្សារដ្ឋមន្រ្តីនាសម័យនោះ
- ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩១ ដោយមានបទពិសោធន៍ខាងវិស័យយោធា លោកត្រូវបានផ្លាស់តួនាទី ជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ នៃក្រុមប្រឹក្សារដ្ឋមន្រ្តី
- ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ លោកត្រូវបានផ្លាស់តួនាទីទៅជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម នៃក្រុមប្រឹក្សារដ្ឋមន្រ្តី
- ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៥ លោកត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងការពារជាតិ
- ពីឆ្នាំ១៩៩៥ដល់ឆ្នាំ១៩៩ ជាទីប្រឹក្សាសម្តេច ជា ស៊ីម (កាលនៅជាប្រធានរដ្ឋសភា)
- និងពីឆ្នាំ១៩៩៩ មកទល់បច្ចុប្បន្ន ជាសមាជិកព្រឹទ្ធសភា នីតិកាលទី១ ទី២ និងទី៣។
លោក ប៉េង ប៉ាត់ គឺជាវីរជនស្មោះត្រង់នឹងជាតិមាតុភូមិមួយរូប ដោយប្រកាន់ខ្ជាប់នូវគោលការសច្ចធម៌ និងមានក្តីអំណត់ ព្រមទាំងបានលះបង់ខ្ពស់ក្នុងការងារបម្រើជាតិមាតុភូមិ និងផលប្រយោជន៍របស់ប្រជារាស្រ្តទូទៅ៕