(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការ ដឹកនាំការធ្វើវិសោធនកម្មច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈថ្មី ដែលជាក្របខណ្ឌគតិយុត្ត សម្រាប់ដាក់អនុវត្តប្រព័ន្ធថវិកា សមិទ្ធកម្ម ស្របតាម «យុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥»។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោក វង្សី វិស្សុត បានរំលឹកឡើងវិញ អំពីសមិទ្ធផល នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានបង្កលទ្ធភាព ឱ្យកម្ពុជាអាចឆ្លងផុតវិបត្តិធំៗ និងជំនះបាននូវការលំបាកជាច្រើន ក៏ដូចជាលើកកម្ពស់កម្រិត នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យកាន់តែប្រសើរ។
ជាក់ស្ដែងនៅចំពោះមុខនាពេលនេះ សមិទ្ធផល នៃការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ បានពង្រឹងសមត្ថភាពកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលបានអូសបន្លាយ ជាងមួយឆ្នាំ កន្លងទៅហើយ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបានរំលឹកឡើងវិញថា ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០០៨ ដែលជាមរតកបន្សល់ទុកដោយ លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ពេលនេះបានក្លាយជាមូលដ្ឋាន នៃការធ្វើការសាកល្បង ធ្វើទំនើបកម្មប្រព័ន្ធថវិកា នៅកម្ពុជា ដោយបានបើកផ្លូវសម្រាប់ការដាក់អនុវត្ត «ថវិកាកម្មវិធី» រហូតមកដល់ពេលនេះ។ មរតកនេះ ត្រូវបានដឹកនាំ និងជំរុញការអនុវត្តយ៉ាងសកម្ម ដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយទទួលបានវឌ្ឍនភាពគួរឱ្យកោតសរសើរ ទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ការរៀបចំធ្វើវិសោធនកម្មច្បាប់ ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈឡើងវិញនេះ គឺដើម្បីរៀបចំនូវប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ, កាន់តែជឿទុកចិត្តបាន, មានគណនេយ្យភាព, ប្រសិទ្ធភាព និងមានតម្លាភាព ព្រមទាំងមាន «លក្ខណៈជាស្ថាប័ន» ស្របតាមបរិការណ៍នៃកម្ពុជាផង និង ស្របតាមឧត្តមានុវត្តជាអន្ដរជាតិផង ជាពិសេស ឧត្តមានុវត្ត នៃសាធារណរដ្ឋបារាំង ដែលជាលំនាំគោល នៃការអនុវត្តនៅកម្ពុជា។ ទន្ទឹមនឹងនេះ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងតែតម្រង់ឆ្ពោះទៅកាន់ការប្រើប្រាស់ នូវបច្ចេកវិទ្យាព័ត៌មាន កាន់តែស៊ីជម្រៅ និងទូលំទូលាយ ដែលផ្ដល់នូវព័ត៌មានឆាប់ រហ័ស និងគ្រប់ជ្រុងជ្រោយសម្រាប់ការ ធ្វើសេចក្ដីសម្រេចចិត្ត ផ្នែកគោលនយោបាយសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពបន្ថែមទៀត។
ក្នុងន័យនេះ លោកបានណែនាំដល់ក្រុមការងារបច្ចេកទេស និង អគ្គនាយកដ្ឋានពាក់ព័ន្ធ ឱ្យពិនិត្យរចនាសម្ព័ន នៃសេចក្តីព្រាងវិសោធនកម្មនេះឡើងវិញ ដោយផ្តោតបន្ថែមលើទិដ្ឋភាព មួយចំនួន ទាំងជាទស្សនទាន និងជាបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឱ្យច្បាប់ ដែលមានតម្លៃអនុវត្តជាច្បាប់គ្រឹះនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ តែមានលក្ខណៈទន់ភ្លន់ បើកចំហរ និងសម្របសម្រួលដល់ដំណើរ អភិវឌ្ឍឈានឡើងរបស់កម្ពុជាថ្ងៃមុខ ក្នុងរយៈពេលយូរអង្វែង ប៉ុន្តែក៏ត្រូវមានប្រព័ន្ធប្រតិតុល្យភាពដែរ សំដៅប្រែក្លាយច្បាប់គោលនេះ ឱ្យក្លាយជាឧបករណ៍របស់រដ្ឋ ក្នុងការចាត់ចែងប្រើប្រាស់ ធនធានសាធារណៈ ប្រកបដោយប្រសិទ្ធភាព ចិរភាព តម្លាភាព និងការទទួលខុសត្រូវ ក្នុងគោលដៅបម្រើឱ្យអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន, ទ្រទ្រង់ដល់កិច្ចប្រតិបត្តិការ របស់រដ្ឋ និងជំរុញកំណើន ហើយអាចបែងចែង ផ្លែផ្កានៃកំណើននេះឡើងវិញ ប្រកបដោយសមធម៌។
ទោះបីជាវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងឆ្នាំនេះ យឺតជាងការរំពឹងទុក លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានផ្ដល់មូលវិចារល្អ ចំពោះក្រុមការងារបច្ចេកទេស និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានបំពេញការងារ យ៉ាងសកម្ម ប្រកបដោយស្មារតី សហការនិងការ ទទួលខុសត្រូវខ្ពស់ ទោះជាស្ថិតក្នុងបរិការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំរុញឱ្យខិតខំប្រឹងប្រែង បន្ថែមទៀត ដើម្បីសម្រេចបានតាមទិសដៅ ដែលទទួលបានការអនុម័តពី លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោកបានថ្លែងអំណរគុណ ចំពោះទីភ្នាក់ងារ អភិវឌ្ឍន៍បារាំង (AFD) ដែលបានសហការ ជាមួយក្រុមជំនាញ ការបច្ចេកទេស មកពីប្រទេសបារាំង ក្នុងការចែករំលែកបទពិសោធន៍នៃការកែទម្រង់ច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈបារាំង និងផ្តល់ការប្រឹក្សា ជាប្រចាំអំពីគោលការណ៍ និងចំណុចសំខាន់ៗ ក្នុងការរៀបចំច្បាប់ប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈឡើងវិញ។ លោកក៏បានសម្ដែងអំណរគុណ ចំពោះមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ដែលចូលរួមចំណែក ក្នុងការផ្ដល់នូវបទពិសោធន៍ ជាអន្ដរជាតិនៅក្នុងដំណើរការពិនិត្យ និងរៀបចំច្បាប់នេះ៕