(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងនៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយជូនក្រុមគ្រូពេទ្យ និងពិនិត្យមើលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន នៅស្រុកថ្មគោល ស្រុកបវេល និងស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោក ងួន រតន: បានថ្លែងអំណរគុណ និងកោតសរសើរក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរដ្ឋបាលមូលដ្ឋានក្នុង ស្រុក ឃុំ ភូមិ ជំហ៊ានដំបូង ហើយបានបន្តចាក់ជូនក្រុមគ្រួសារអតីតយុទ្ធជន និងជំហានក្រោយៗទៀត និងបន្តរៀបចំចាក់ជូនដល់ ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានទាំងអស់ឲ្យគ្រប់គ្នា។
ដើម្បីឲ្យឆ្លើយតបទៅនិងផែនការ និងគោលនយោបាយ និងបន្ទាប់ពីការផ្តល់វ៉ាក់សាំងចាក់ដោយឥតគិតថ្លៃរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់ ដាក់ចេញកន្លងមកនេះ ដល់មន្ត្រីគ្រប់ថ្នាក់ទាំងថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ហើយបានបន្តចាក់ជូនប្រជាពលរដ្ឋទូទៅគ្រប់ៗគ្នាផងដែរ។
នៅក្នុងដំណើរចុះពិនិត្យមើលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបងនេះដែរ លោក ងួន រតនៈ ក៏បាននាំអំណោយមានទឹកសុទ្ធ មី និងម៉ាស់ មួយចំនួនជូនដល់ក្រុមគ្រូពេទ្យដែលកំពុងភារកិច្ចរបស់ខ្លួនផងដែរ៕