(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបញ្ចប់ជាមណ្ឌលចត្តាឡីស័កទីតាំង២កន្លែងបន្ថែមទៀត នៅក្រុងព្រះសីហនុ ក្រោយទីតាំងនោះមិនមានអ្នកឆ្លងជំងឺកូវីដ១៩ ហើយបានធ្វើចត្តាឡីស័កគ្រប់ចំនួនថ្ងៃកំណត់។ នេះបើតាមលិខិតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

ទីតាំងទាំងពីរកន្លែងដែលត្រូវបញ្ចប់ជាមណ្ឌលចត្ដាឡីស័កនេះរួមមាន៖ ទី១៖ ផ្ទះមានបន្ទប់ជួលរបស់លោក អ៉ិន សុម៉េធ មានទីតាំងស្ថិតនៅផ្លូវ២០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទី២៖ ហាងកាហ្វេ និងលាងរថយន្ដដឺស៉ី (The Sea) ដែលមានទីតាំងនៅវិថីមិត្ដភាព ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ លោកអភិបាលខេត្ត បានណែនាំម្ចាស់ទីតាំងទាំងពីរនេះ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។

គួរជម្រាបថា គិតត្រឹមរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចឲ្យបើកដំណើរការឡើងវិញ ទីតាំងសរុបចំនួន៧២កន្លែង ក្រោយមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដបន្ដទៀតចេញពីទីតាំងទាំងនោះ៕