(តាកែវ)៖ រយៈពេលជាង៣ខែ ចាប់ពីខែមករា ដល់ដើមខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបាននាំស្រូវយកទៅលក់នៅប្រទេសវៀតណាម ឆ្លងកាត់ច្រកចំនួន២ ក្នុងខេត្តតាកែវបានចំនួនជិត ៣០ម៉ឺនតោន។ នេះបើយោងតាមលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ។
លោក ញិប ស្រ៊ន បានឲ្យដឹងទៀតថា ស្ថានភាពនាំស្រូវចេញទៅលក់ប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិភ្នំដិន ក្នុងស្រុកគីរីវង់ នឹងតាមច្រកទ្វាទ្វេភាគី កំពង់ក្រសាំង ដែលស្ថិតនៅក្នុងស្រុកបូរីជលសារ ចាប់តាំងពីខែមករា ដល់ខែដើមខែមេសា ឆ្នាំ២០២១នេះ បានចំនួន ២៧៥,២០៩ តោន ដោយតម្លៃស្រូវលក់បាន១,៨៦០,០០០ ក្នុង១តោន។
លោក ញិប ស្រ៊ន បន្តថា ខេត្តតាកែវនៅតែជាច្រកដ៏សំខាន់មួយ ក្នុងការនាំស្រូវយកទៅលក់នៅប្រទេសវៀតណាម ដោយក្នុងមួយថ្ងៃៗ កម្ពុជាបាននាំចេញស្រូវ ពីខេត្តតាកែវ ទៅកាន់ប្រទេសវៀតណាមបានចំនួនជិត៤ពាន់តោន តាមច្រកកំពង់ក្រសាំង ក្នុងស្រុកបូរីជលសារ និងតាមច្រកភ្នំដិន ក្នុងស្រុកគិរីរង់។ រីឯតម្លៃស្រូវសើមវិញ នៅតែទទួលបានតម្លៃល្អដដែលទេ គឺតម្លៃស្រូវទិញដល់ស្រែ ៨៥០រៀល១គីឡូក្រាម និងលក់ដល់មាត់ច្រកមានតម្លៃ ៩៣០រៀល១គីឡូក្រាម ។
ទាក់ទងទៅនិងពាក្យចចាមរ៉ាមកន្លងមកថា ប្រទេសវៀតណាមបិទច្រកព្រំដែនមិនឱ្យនាំចូលស្រូវពីកម្ពុជាចូលបាន ត្រូវបានលោកប្រធានមន្ទីរកសិកម្មច្រានចោល ដោយលោកបានថ្លែងថា រហូតមកដល់ពេនេះពុំទាន់មាន ការបិទការនាំស្រូវ ចេញពីខេត្តតាកែវ ទៅកាន់ប្រទេសវៀតណាម ពីអាជ្ញាធប្រទេសវៀតណានៅឡើយទេ។ គ្រាន់តែកន្លងមកប្រទេសវៀតណាមមានការតឹងតែងនៅតាមមាត់ច្រក ទាក់ទងទៅនឹងការអនុវត្តវិធានការ ទប់ស្កាត់ការរីករាលនៃមេរោគកូវីដ១៩ តែប៉ុណ្ណោះ៕