(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ក្នុងកិច្ចប្រជុំតាមរយៈ Video Conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសខណ្ឌដែលត្រូវបានបិទខ្ទប់ភូមិដ្ឋាន ដើម្បីការពារជម្ងឺកូវីដ-១៩ ដោយត្រូវស្រង់ស្ថិតិប្រជាពលរដ្ឋ កម្មករកម្មការិនី ឲ្យបានច្បាស់លាស់ ងាយស្រួលក្នុងផ្តល់អំណោយជូនពួកគាត់។
កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការងារគ្រប់គ្រងសភាពការណ៍ ការអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភំ្នពេញស្ដីពី ការបិទខ្ទប់តំបន់ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ ការងារស្ថិតិបន្ទប់ជួលផ្ទះជួល និងអ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីគ្រប់គ្រង និងធានាឱ្យបានក្នុងការចែកអំណោយបានទៅដល់ដៃរបស់បងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករកម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កក្នុងតំបន់បិទខ្ទប់។
លោក ឃួង ស្រេង បានថ្លែងថា ការចែកអំណោយនៅតំបន់បិទខ្ទប់ យើងត្រូវចែកជូនបងប្អូន កម្មករកម្មការិនីមុនគេ ព្រោះពួកគាត់ជាអ្នកមានជីវភាពខ្វះខាតជាងគេ ហើយក៏ងាយរងគ្រោះជាងគេផងដែរ ដែលអាជ្ញាធររបស់យើងត្រូវយកចិត្តទុកដាក់បំផុត។
លោក ឃួង ស្រេង បញ្ជាក់ផងដែរថា ចំពោះខណ្ឌ១១ទៀត ដែលមិនមានការបិទខ្ទប់ភូមិដ្ឋានក៏ត្រូវតែចុះស្រង់ស្ថិតិអោយបានច្បាស់ដែរ មានន័យថា នៅពេលមានបញ្ហាកើតឡើងយើងមានស្ថិតិនៅក្នុងដៃស្រាប់។ យើងទាំងអស់គ្នាត្រូវចូលរួមការគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយអនុវត្តឲ្យបាន «៣ការពារ ៣កុំ» ព្រមទាំងការអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺកូវីដ១៩៕