Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលារាជធានីភ្នំពេញ ទទួលបានអង្ករ និងមីពី ហាងលក់នាឡិកា «លីឡាង» សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក

13-04-2021 13:15

(ភ្នំពេញ)៖ អំណោយអង្ករមួយតោន និងមីចំនួន២០០កេស ត្រូវបានម្ចាស់ហាងលក់នាឡិកា «លីឡាង» នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណង ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងឆ្លងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនលោក គឹម លី និងលោកស្រី សំ ឡាង ម្ចាស់ហាងលក់នាឡិការលីឡាង ដែលបានចូលរួមចំណែកបានទាន់ពេល វេលាតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចការអំពាវនាវរបស់លោក ឃួង ស្រេង ដើម្បីទទួលបានអំណោយយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋយើងដែលកំពុងជាប់ធ្វើចត្តាឡីសក័ តាមមូលដ្ឋាន និងតាមលំនៅដ្ឋានជាច្រើនគោលដៅ ក្នុងរាជធានីភ្នំពេញដែលត្រូវការជំនួយឧបត្ថម្ភជាចាំបាច់។

កាយវិការរបស់លោក លោកស្រីពិតជាបានរួមចំណែកដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីសក័តាមលំនៅដ្ឋាន ក៏ដូចតាមមណ្ឌលសុខភាពក្នុងរាជធានីភ្នំពេញផងដែរ។

សូមបញ្ជាក់ថា តាមការប្រកាសរបស់ក្រសួងសុខាភិបាលឲ្យដឹងថាថ្ងៃនេះក្រសួងបានរកឃើញអ្នកផ្ទុកជំងឺកូវីដ ថី្មចំនួន១៨១នាក់ដែលភាគច្រើនបំផុត អ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួនចំនួន៤០នាក់បានជាសះស្បើយ និងអនុញ្ញាតិឲ្យចេញពីមន្ទីរពេទ្យហើយ៕