(ភ្នំពេញ)៖ គិតមកត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ សប្បុរសជនជាច្រើន បានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជៈ អាហារជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ (TYDA) ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក ដែលការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ជាក់ស្តែង នៅថ្ងៃទី១៣ ខែមេសានេះ លោក កឹម ចន្ទ័ដារ៉ា និងភរិយា, នាយកក្រុមហ៊ុន D & K Auto Export LLC និងភរិយា រស់រនៅរដ្ឋ Florida Jacksonville សហរដ្ឋអាមេរិក បានឧបត្ថម្ភទឹកបរិសុទ្ធចំនួន១០០កេស និងម៉ាសក្រណាត់ ចំនួន០៦កេស ស្មើនឹង១៥,០០០ម៉ាស។

បច្ចុប្បន្នថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនខណៈដែលប្រទេសកម្ពុជា មានការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួមឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគម TYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិ និងប្រជាជន។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមសកម្មភាពមនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) តាមរយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

សូមបញ្ជាក់ថា ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤,៦៩៦នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៤,១៦០នាក់, អ្នកជាសះស្បើយចំនួន ២,២៥២នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២,៤០៦នាក់, អ្នកស្លាប់ចំនួន ៣៣នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ-១៩ ចំនួន ៥នាក់៕