(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានអញ្ជើញចុះសំណេះសំណាល និងពិនិត្យទីតាំងដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងសម្របសម្រួល ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់បងប្អូនអាជីវករ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង។
លោក ធឹម សំអាន បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងលោក ឃួង ស្រេង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានសំណូមពរឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការទទួលយកវ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ដើម្បីសេដ្ឋកិច្ចរបស់ជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។
លោកបានរំលឹកដល់បងប្អូនប្រជាពលដ្ឋទាំងអស់ កុំជឿលើពាក្យអគតិរបស់ជនខិលខូចមួយក្តាប់តូចដែលបំផុសបំផុលមិនឲ្យបងប្អូនចាក់វ៉ាក់សាំង ដោយលើមូលហេតុថា ចាក់ទៅក្រោយ៣ឆ្នាំស្លាប់ ចាក់ទៅអាចប៉ះពាល់ដល់សុខភាព ឬចាក់ទៅអាចបង្កទៅជាពិការភាពជាដើម ។
ខណៈចុះពិនិត្យកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ខាងលើនោះ លោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអាន បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយស្នើឲ្យបងប្អូនប្រជាពលដែលបានចាក់វ៉ាក់សាំងរួច ទោះបីបានចាក់រួចក៏ដោយ ក៏បងប្អូនត្រូវចូលរួមអនុវត្តន៍នូវវិធានការ «៣ការពារ ៣កុំ» ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩។
លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានឲ្យដឹងថា ចាប់តាំងពីបើកមណ្ឌលចាក់វ៉ាក់សាំង នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង១០ថ្ងៃកន្លងមកនេះ យើងទទួលចាក់ថ្នាំជូនអាជីវករ ព្រះសង្ឃ យុវជន ស.ស.យ.ក ខណ្ឌបឹងកេងកង ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ បានប្រមាណ ៣០០០នាក់ហើយ៕