(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនអង្គការមិនមែនរដ្ឋាភិបាលបរទេស បានបញ្ជាក់ថា ការរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩នេះ នឹងប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលមានអាសយដ្ឋានលេខ ៣១A វិថីបារាំង (47) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រសួងការបរទេស ក៏បានស្នើអង្គការដែលមានឈ្មោះនៅក្នុងឧបសម្ព័ន្ធ មកទទួលការចាក់វ៉ាក់សាំងតាមពេលវេលាកំណត់។ ជនបរទេសត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន ប័ណ្ណសម្គាល់ខ្លួន ដែលចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអាសយដ្ឋានពិតប្រាកដ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះជនជាតិខ្មែរ ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប័ណ្ណសម្គាល់បុគ្គលិកដែលចេញដោយអង្គការសាមី។

ក្រសួងការបរទេស នឹងជូនដំណឹងអំពីពេលវេលាធ្វើការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ទៀតនៅពេលក្រោយ ដល់បុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស បន្ទាប់ពីទទួលបានការជូនដំណឹងពីក្រសួងសុខាភិបាល។

សូមជម្រាបថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ធ្វើឡើងបន្ទាប់ពីកម្ពុជាមានវ៉ាក់សាំង ៣ប្រភេទ រួមមាន៖ ស៉ីណូហ្វាម ដែលជាអំណោយមហាមិត្តចិន ចំនួន ១លាន៣សែនដូស, អាស្ត្រាហ្សេណេកា ដែលទទួលបានពីអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ ចំនួន ៣២៤,០០០ដូស និងស៉ីណូវ៉ាក់របស់ចិន ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីចិន ចំនួន ១លាន៥សែនដូស។

កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នឹងរៀបចំវ៉ាក់សាំងកូវីដ១៩ ចំនួន ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយសូម្បីតែជនបរទេស ដែលរស់នៅ និងធ្វើការស្របច្បាប់កម្ពុជា ក៏ទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃផងដែរ។

នៅដើមខែមេសា ឆ្នាំ២០២១ ស្ថានទូតបរទេសដែលប្រចាំនៅកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យពួកគេទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូចប្រជាពលរដ្ឋខ្មែរទូទៅ ជាមួយនឹងការបញ្ជាក់ថា «កម្ពុជា ជាប្រទេសតូច តែមានបេះដូងធំ» គឺជាការពិត៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស៖