(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលករ-ពលការីនីកម្ពុជាចំនួន ០៤ រូប ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះការលំបាកក្នុងការងារ ឲ្យបានវិលត្រឡប់មកមាតុប្រទេសវិញ។
ពលករ-ពលការិនីទាំង ០៤ រូបមាន៖
១. ឈ្មោះ ណន គុណធួន ភេទស្រី អាយុ ២២ ឆ្នាំ មានស្រុកកំណើតនៅភូមិវៀង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានទៅធ្វើការជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៤។ ពលការិនីរូបនេះ បានមកស្ថានទូត នៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៦ សុំឲ្យជួយទាមទារប្រាក់ខែ ពីថៅកែ និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ពលការិនីរូបនេះ បានទទួលប្រាក់ខែគ្រប់ចំនួន ហើយថៅកែបានបង់ថ្លៃពិន័យឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ព្រមទាំងទិញសំបុត្រយន្តហោះឲ្យ ក្រោយពីការអន្តរាគមទាមទារដ៏ស្វិតស្វាញរបស់ស្ថានទូត។
២. ឈ្មោះ ម៉ន ស្រីស្រស់ ភេទស្រី អាយុ ២៦ ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បានទៅធ្វើការជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៤ និងបានមកស្ថានទូត នៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ពលការិនី ម៉ន ស្រីស្រស់ ត្រូវបានស្ថានទូត ចេញលិខិតធ្វើដំណើរបណ្តោះអាសន្នឲ្យ ។
៣. ឈ្មោះ ថាំង ប៉ុម ភេទស្រី អាយុ ២៨ ឆ្នាំ មានស្រុកកំណើតនៅភូមិជ្រាំងក្រហម ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបានទៅធ្វើការជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៤ និងបានមកស្ថានទូត នៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ សុំឲ្យជួយទាមទារប្រាក់ខែពីក្រុមហ៊ុន GPGC International PTE.LTD និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ក្រុមហ៊ុនបានផ្តល់ប្រាក់ខែឲ្យ ពលការិនី ថាំង ប៉ុម បន្ទាប់ពីស្ថានទូតបានធ្វើការអន្តរាគមន៍ទៅក្រុមហ៊ុន។
៤. ឈ្មោះ ឡេះ យ៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ មានស្រុកកំណើតនៅភូមិអូរក្រី ឃុំជីយោ ស្រុកចំការលើ ខេត្តកំពង់ចាម បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៣ ធ្វើការនៅកសិដ្ឋានដាំដំណាំ និងបានមកស្ថានទូត នៅថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ កំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញស្ថានទូតបានផ្តល់កន្លែងស្នាក់នៅនិងហូប-ចុកជូនដល់ពលករ- ពលការិនីទាំង ០៤រូប ខាងលើ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី០៤ មីនា ឆ្នាំ២០១៦។
ពលពលករ-ពលការិនីទាំង០៤រូប នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅ ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ២០១៦ វេលាម៉ោង ០៧៖៥០នាទី ព្រឹក តាមជើងយន្តហោះ AK ៥៣៦។ ដោយបញ្ហាពលការិនី នៅម៉ាឡេស៊ី និងបញ្ហាស្រ្តីខ្មែរទៅរៀបការប្តីនៅប្រទេសចិន នៅតែ បន្តកើតមានជាបន្តបន្ទាប់ សឹងតែរៀងរាល់ថ្ងៃ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ សូមអំពាវនាវជាថ្មីម្តងទៀត ដល់ឪពុក - ម្តាយ អាណាព្យបាល និងនារីគ្រប់រូបទាំង អស់ សូមបង្កើនការប្រុងប្រយ័ត្នចំពោះឧបាយកលបោកប្រាសរបស់មេខ្យល់ ហើយត្រូវជៀស វាងការធ្វើដំណើរខុសច្បាប់ទៅកាន់ប្រទេសទាំងនោះ ដែលកន្លងមកបានបង្ហាញឲ្យឃើញថា ពោរពេញដោយហានិភ័យ៕