(ភ្នំពេញ)៖ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចពិជ័យសេនា ទៀ បាញ់ បានពន្លឿនការចាក់វ៉ាក់សាំងជូនព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩។
ការជំរុញបែបនេះក្នុងពេលលោកតំណាងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យជាក់ស្ដែង ចំពោះមន្ត្រីប្រចាំការទទួលខុសត្រូវ ទីតាំងចាក់វ៉ាក់សាំងសាលាបឋមសិក្សាឫស្សីកែវ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។
បើតាមលោក ស៊ូ សោគន្ធ ទោះបីស្ថិតក្នុងពេលព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងប្រជាពលរដ្ឋទូទៅ កំពុងទទួលបានការចាក់វ៉ាក់សាំង ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ តែអ្វីដែលចាំបាច់ និងត្រូវអនុវត្តបន្ត គឺវិធានការរបស់ក្រសួងសុខាភិបាល ដែលមាន ៣ការពារ ៣កុំ។
លោកអភិបាលរងខណ្ឌឫស្សីកែវ បានគូសបញ្ជាក់ថា វិធានការ ៣ការពារ ៣កុំ និង២ចូលរួម រួមមាន៖
* ៣ការពារមានន័យថា៖
១៖ ត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។
២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ។
៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ។
* ៣កុំមានន័យថា៖
១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។
២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន។
៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៉ីនត្រជាក់។
* ២ចូលរួម៖
១៖ ចូលរួមក្នុងយុទ្ធនាការទទួលការចាក់វ៉ាក់ប្រឆាំងកូវីដ-១៩។
២៖ ចូលរួមប្រើ QR Code stop covid ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍យើង៕