(ភ្នំពេញ)៖ ឈើមានតម្លៃរាប់រយម៉ែត្រគូប ដែលគេកាប់គរទុកនៅក្នុងក្រុមហ៊ុនធំៗ ទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលនៅក្នុង ខេត្តមណ្ឌលគិរី ត្រូវបានអគ្គិភ័យឆេះបំផ្លាញជាបន្តបន្ទាប់ទាំងមិនដឹងមូលហេតុ និងគ្មានវិធានការការពារអ្វីទាំងអស់។ ការឆាប់ឆេះ មិនធ្លាប់កើតមាននោះទេនាឆ្នាំកន្លងទៅ វាទើបកើតមាននៅក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា បានចេញវិធានការក្តៅ ដើម្បីបង្រ្កាប បទល្មើសព្រៃឈើ។
កាលពីចុងខែមករា កន្លងទៅឈើជាច្រើនម៉ែត្រគូប នៅក្នុងក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគដីពីរាជរដ្ឋាភិបាលចំនួន៣ គឺក្រុមហ៊ុនប៊ិ នភឿក១ ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ និងក្រុមហ៊ុនដាយណាម នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានភ្លើងឆាបឆេះបំផ្លាញរួចម្តង មកហើយ។ លុះដល់ល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ អគ្គិភ័យ ក៏បានឆាបឆេះគំនរឈើហុបមានតម្លៃប្រមាណ ២,០០០កំណាត់ជា ថ្មីទៀត ដែលគរទុកនៅក្នុងដីសម្បទានរបស់ក្រុមហ៊ុនយូនីគ្រីន ស្ថិតនៅស្រុកកោះញែក ដែលការឆាបឆេះនេះ បានបន្តរហូតដល់ ល្ងាចថ្ងៃទី០៣ ខែមីនា។
ខណៈដែលភ្លើងកំពុងឆេះគំនរឈើនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនយូនីគ្រីន ស្រាប់តែឈើនៅក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ក៏ បានចាប់ផ្តើមឆេះជាថ្មីទៀតផងដែរ កាលពីថ្ងៃទី០៣ ខែមីនា ម្សិលមិញនេះ។ ឈើដែលឆាបឆេះនៅក្នុងក្រុមហ៊ុនទាំង ៤នេះ ត្រូវបាន គេសន្និដ្ឋានថា មានតម្លៃជាទឹកប្រាក់រាប់សិបម៉ឺនដុល្លារ។
អគ្គិភ័យឆេះបំផ្លាញឈើមានតម្លៃរាប់រយម៉ែត្រគូប នៅក្នុងលើទឹកដីខេត្តមណ្ឌលគិរី ភូមិភាគឦសាន នៃប្រទេសកម្ពុជា បានធ្វើឲ្យសា ធារណជនមានការសោកស្តាយយ៉ាងខ្លាំង។ ការឆាបឆេះគំនរឈើទាំងអស់នេះ គេមិនទាន់រកមូលហេតុពិតយ៉ាងណានោះឡើយ ខ ណៈដែលអាជ្ញាធរដាក់ការសង្ស័យផ្តើមចេញពីការឆេះព្រៃ។
ក្រុមប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី បានដាក់ចេញជាចម្ងល់ថា ការឆាបឆេះឈើ ដែលមានតម្លៃបែបនេះមិនធ្លាប់កើតមានឡើយ នៅបណ្តាឆ្នាំកន្លងទៅ តែហេតុអ្វីបានជានៅឆ្នាំ២០១៦នេះ ពោលក្រោយពេលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃ ឈើ ដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា មាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន ចុះទៅដល់ទីតាំងគំនរឈើទាំងនោះ បែរ ជាអណ្តាតភ្លើងឆេះបំផ្លាញឈើ កើតមានជាបន្តបន្ទាប់ទៅវិញ។
ឈើដែលគេកាប់គរនៅក្នុងក្រុមហ៊ុនទាំង ៤ខាងលើនេះ ត្រូវបានគេអះអាងថា គណៈកម្មការជាតិទប់ស្កាត់ និង បង្ក្រាបបទល្មើសព្រៃ ឈើ ធ្លាប់បានចុះទៅពិនិត្យ និងវាស់វែងរួចហើយផងដែរ តែគេមិនទាន់ដឹងថា ឈើទាំងនោះត្រូវ ឬខុសច្បាប់យ៉ាងនោះទេ។
មានការសន្និដ្ឋានមួយចំនួនពីមូលហេតុ នៃការឆាបឆេះឈើទាំងអស់នេះ។ អ្នកខ្លះបានសន្និដ្ឋានថា ការឆេះនេះអាចជាចេតនាណា របស់ក្រុមហ៊ុនក្នុងការបិទបាំងពីទង្វើទុច្ចរិតរបស់ខ្លួន ដែលបានលួចកាប់ឈើហួសពីដែនកំណត់ដី ដែលទទួលបានសិទ្ធិវិនិយោគ របស់រាជរដ្ឋាភិបាល ដើម្បីចៀសផុតពីការដាក់ទោសទណ្ឌណាមួយរបស់រាជរដ្ឋាភិបាល ខណៈមានការអះអាងឈើខុសច្បាប់ជាច្រើន ត្រូវបានរកឃើញនៅក្នុងក្រុមហ៊ុនទាំងអស់នេះ។ រីឯអ្នកខ្លះទៀត យល់ថា ភ្លើងនេះអាចកើតចេញពីការចំការវិលជុំរបស់បងប្អូនជន ជាតិ ដែលកាប់ឆ្កាដុតព្រៃ ហើយឆេះរាលដាលដល់គំនរឈើ ដែលគ្មានការយកចិត្តទុកដាក់មើលថែទាំ។
ការចុះហត្ថលេខារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បង្កើតគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រៃឈើ កាលពីខែមករា ដើម្បីចុះបង្រ្កាបបទល្មើសព្រៃឈើ បានធ្វើឲ្យប្រជាពលរដ្ឋសាទរយ៉ាងខ្លាំង ព្រោះនេះជាវិធានការមួយដ៏ល្អ ប្រសើរ ក្នុងការថែរក្សាសម្បត្តិធម្មជាតិ ដែលរងការកាប់ទន្រ្ទានខ្លាំងនាពេលកន្លងមកនោះ។
តែក្រុមសាធារណជន ក៏បានបង្ហាញទស្សនរបស់ពួកគេផងដែរថា ឈើដែលគណៈកម្មការជាតិទប់ស្កាត់ និង បង្ក្រាបបទល្មើសព្រៃ ឈើ បានរកឃើញនេះបើមិនអាចបង្ហាញរបាយការណ៍លម្អិតជាសាធារណ ព្រោះខ្លាចប៉ះប្រតិបត្តិការរបស់ខ្លួន គួរតែមានការប្រមូល ទុកដាក់ណាមួយឲ្យល្អប្រសើរជាងនេះ ដើម្បីរក្សាឈើយកទៅបម្រើតម្រូវការផ្សេងៗ ឬអាចដាក់ដេញថ្លៃលក់យកលុយចូលជាសម្បត្តិ រដ្ឋ មិនគួរធ្វេសប្រហែសឲ្យឈើកាប់ដួលរលំទៅហើយ ត្រូវឆេះអសារបង់បែបនេះឡើយ៕