(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានជូនដំណឹងដល់លោក លោកស្រី នាយករោងចក្រ សហគ្រាសទាំងអស់នៅក្នុងខេត្ត អំពីការពង្រឹងវិធានការសុខាភិបាលក្នុងទីតាំងរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងដើម្បីជៀសវាងនូវការផាកពិន័យ។
លិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានរំលឹកជូនម្ចាស់រោងចក្រ សហគ្រាសនៅទូទាំងខេត្តថា ខេត្តព្រះសីហនុ ត្រូវបានក្រសួងសុខាភិបាល កំណត់ជាភូមិសាស្ដ្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលតម្រូវឲ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
កន្លងមករដ្ឋបាលខេត្តបានពិនិត្យឃើញថា មានរោងចក្រ សហគ្រាសជាច្រើនបានរៀបចំមានការវាស់ស្ទង់កម្ដៅ ការរៀបចំបាញ់អាល់កុល ជែលសម្រាប់លាងដៃ និងបានណែនាំដល់បុគ្គលិក កម្មករនិយោជិត ឲ្យអនុវត្តតាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ប៉ុន្ដែរដ្ឋបាលខេត្តក៏បានសង្កេតឃើញថា នៅមានរោងចក្រ សហគ្រាសមួយចំនួនតូចមិនទាន់អនុវត្តបានត្រឹមត្រូវតាមការណែនាំឡើយ។
រដ្ឋបាលខេត្តព្រះសីហនុ នឹងពង្រឹងការតាមដានចំពោះការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពនៅតាមបណ្ដារោងចក្រ សហគ្រាសក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុទាំងមូល។ ដូចនេះរដ្ឋបាលខេត្តតម្រូវឲ្យនាយករោងចក្រ សហគ្រាសណែនាំដល់បុគ្គលិក កម្មករនិយោជិតទាំងអស់ឲ្យអនុវត្តដាច់ខាតចំពោះកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម។
ក្នុងករណីរកឃើញថា មានរោងចក្រ សហគ្រាស ឬបុគ្គលណាល្មើសនឹងកាតព្វកិច្ចខាងលើនេះ រដ្ឋបាលខេត្ត នឹងចាត់វិធានការពិន័យយ៉ាងតឹងរ៉ឹងទៅតាមផ្លូវច្បាប់៕