(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងផ្តល់អំណោយកាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន១០៧គ្រួសារ នៅក្រុងកំពត និងស្រុកកំពង់ត្រាច។
ថ្លែងក្នុងឱកាសនោះ លោក ជាវ តាយ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងពីរ តែងបានគិតគូរយកចិត្តទុកដាក់ខ្ពស់។ ពិសេសសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងខ្វះខាតពាក់ព័ន្ធជីវភាពគ្រប់ទីកន្លែង ដោយមិនរើសអើង ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយ ដោយមិនទុកចោលប្រជាពលរដ្ឋណាម្នាក់ ឲ្យស្លាប់ដោយខ្វះស្បៀងអាហារនោះឡើយ។
លោកអភិបាលខេត្ត បានបន្តថា បើទោះបីអំណោយតិចតួច ប៉ុន្តែអាចបញ្ជាក់ថា ក្ដីស្រឡាញ់ និងការគិតគូររបស់ថ្នាក់ដឹកនាំ ក្នុងការជួយរំលែក ការលំបាកបានមួយគ្រាដែរ។ ពិសេសក្នុងស្ថានភាព នៃការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ហើយសាខាកាកបាទក្រហមខេត្តកំពតមានគម្រោងផ្តល់នូវ អំណោយមនុស្សធម៌ នាពេលខាងមុខ ប្រមាណជាង១០០០គ្រួសារបន្ថែមទៀត ព្រោះសម្ដេចតេជោ និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ក៏ដូចជារដ្ឋបាលខេត្តកំពត តែងតែមានការព្រួយបារម្ភ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហា ដែលបង្កឡើងដោយសារពាក់ព័ន្ធជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។
លោក ជាវ តាយ ក៏បានស្នើដល់ប្រជាពលរដ្ឋមានការអត់ធ្មត់ ចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ និងត្រូវគោរពបំរាមរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចផ្សេងៗ ពិសេសការហាមធ្វើដំណើរឆ្លងខេត្ត និងឆ្លងតំបន់ ពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយ ទៅខេត្តមួយ ដោយគ្មានការចាំបាច់ ព្រោះបច្ចុប្បន្នជំងឺកូវីដ១៩ បាននិងកំពុងបន្តរីករាលដាលតាមសហគមន៍។
លោកអភិបាលខេត្ត ក៏បានស្នើដល់ពលរដ្ឋត្រូវចូលរួមចាក់វ៉ាក់សាំង ការពារកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលឲ្យរដ្ឋបាលខេត្តរៀបចំជូន ទៅតាមដំណាក់កាល ព្រោះរាល់វិធានការ រាល់បំរាម និងការដាក់ចេញនូវបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល គឺដើម្បីតែការពារ និងជួយប្រជាពលរដ្ឋទាំងអស់ ហើយកុំជឿបក្សពួកជននយោបាយនៅក្រៅច្បាប់មួយចំនួនតូចនោះ។
ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋទាំងពីរ ក្រុង ស្រុកខាងលើ លោកអភិបាលខេត្ត បាននាំយកអំណោយកាកបាទក្រហម ចែកជូនដល់ពលរដ្ឋងាយរងគ្រោះ ទាំង១០៧គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី១យួរ, ស្ករស១គីឡូ និងថវិកា២ម៉ឺនរៀល៕